ភ្នំពេញ ៖ បុរសពីរនាក់ដែលជាម្ចាស់ម៉ូតូរងរបួសធ្ងន់ទាំង ពីរនាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះអាយុជីវិត ខណៈពេលដែលបុរសទាំងពីរនាក់ ជិះម៉ូតូក្នុងល្បឿនលឿនបុ.កគ្នាយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង ១០ និង ២០នាទីព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចមុខមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា តាមបណ្ដោយផ្លូវបេតុងហៅផ្លូវសេះស ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើកម៉ូតូម៉ាកyamaha siruis ពណ៌ខ្មៅអត់ផ្លាកលេខធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូងចេញពីផ្ទះ ក្នុងគោលបំណងទៅទិញម្ហូប យកមកឲ្យប្រពន្ធហូប ខណៈពេលបើកបរតាមបណ្ដោយផ្លូវ ត្រូវបានបុរសម្នាក់ទៀត ដែលជាអ្នកដឹកត្រីជិះម៉ូតូមួយគ្រឿងម៉ាកcity plus សង់កូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1BX-0877 ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង មកបុ.កគ្នាពេញទំហឹងតែម្ដង បណ្ដាលឱ្យម៉ូតូទាំងសងខាង រងការខូចខាតធ្ងន់ធ្ងរ ដោយឡែកអ្នកបើកបរទាំងពីរនាក់ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជួយសង្គ្រោះនៅអាយុជីវិតភ្លាមៗតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ ជួយសម្រួលចរាចរណ៍ និងទាក់ទងទៅសមត្ថកិច្ចជំនាញ មកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿង យកទៅរក្សាទុកនៅ អធិការរដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម





