ប្រិយមិត្ត ជាពិសេសអ្នកស្នេហាកីឡាបាល់ទះ បានស្គាល់ច្បាស់ហើយ ពីកំពូលជើងខ្លាំងលំដាប់ស្រុកខ្មែរ វ៉េត សុវណ្ណនាថ ដែលជាកីឡាករបាល់ទះមានឈ្មោះល្បីរន្ទឺ នៅពេលនេះ រូបគេលែងមានវត្តមាននៅលើទីលានតារាងបាល់ទះទៀតហើយ ដោយរូបគេនឹងត្រូវចាកចេញពីទឹកដីប្រទេសកម្ពុជា ទៅរស់នៅសហរដ្ឋអាមេរិក ព្រោះតែដើម្បីអនាគតគ្រួសារនៅថ្ងៃខាងមុខ។
នេះបើតាមកីឡាករមានរហ្សនាមប្តូរចង្កេះលើអាកាសរូបនេះ បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ប្រាប់ទៅដល់បងប្អូនអ្នកគាំទ្របានដឹងយ៉ាងដូច្នេះថា៖ «លាហេីយពុកម៉ែបងប្អូនជាទីស្រលាញ់អគុណខ្លាំងណាស់ សម្រាប់ការស្រលាញ់ចូលចិត្តខ្ញុំបាទសុវណ្ណនាថ ដេីម្បីអនាគត ខ្ញុំត្រូវបែកពីប្រពន្ធកូន ជាពិសេសកីឡាដែលខ្ញុំស្រលាញ់ទៅរស់នៅសហរដ្ឋអាមេរិច តែទោះជាយ៉ាងណាក៏ខ្ញុំនៅតែព្យាយាមលែងកីឡាអោយបានច្រេីនមិនអោយភ្លេចទេ ព្រោះខ្ញុំស្រលាញ់វា បាល់ទះ»។
កីឡាករបាល់ទះរូបនេះ ក៏បានប្រាប់ឲ្យដឹងផងដែរថា រូបគេនឹងចាកចេញពីប្រទេសកម្ពុជាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ ទៅរស់នៅក្នុងទីក្រុង Preston រដ្ឋ Connecticut សហរដ្ឋអាមេរិក បន្ទាប់ពីបានរៀបចំបំពេញឯកសារ និងសម្ភាសន៍ជាប់រួចរាល់មក។
យ៉ាងណាមិញ ទាក់ទងនឹងសំណួរពីអ្នកគាំទ្រសួរថា តើ សុវណ្ណនាថ ទៅសហរដ្ឋអាមេរិក គឺគ្រាន់តែជាការទៅលេង ឬ ក៏ទៅរស់នៅទីនោះអស់មួយជីវិត និងមានឱកាសបានទៅ ដោយសារជាប់ឆ្នោត ឬមានអ្នកធានា ស្មាត់ធំបាល់ទះរូបនេះ បានពន្យល់ឲ្យដឹងថា រូបគេមានយាយនៅទីនោះ ដោយយាយរបស់គេបានធានារយៈពេល ១២ ឆ្នាំ ហើយ។ សុវណ្ណថា បានបន្ថែមឲ្យដឹងទៀតថា ការធានាទៅរស់នៅសហរដ្ឋអាមេរិកនេះ គឺមានតែរូបគេតែម្នាក់ទេ គឺនៅមានឪពុកម្តាយ និងបងប្អូនបង្កើតសរុបទាំងអស់ ៦ នាក់។
កីឡាករបាល់ទះលំដាប់ជួរមុខមកពីខេត្តកណ្ដាលរូបនេះ ក៏បានបង្ហើបពីគម្រោងធានាប្រពន្ធកូនទៅរស់នៅសហរដ្ឋអាមេរិក ផងដែរ គឺនៅពេលរូបគេអាចទទួលបានសញ្ជាតិអាមេរិកស្របច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









