នេះគឺជាខណៈពេលដ៏រន្ធត់ខ្លាំងណាស់ នៅពេលដែលក្មេងម្នាក់ម្នាក់ ក្នុងចំណោម២នាក់ បានលង់ទឹកស្លាប់ក្នុងស្រះទឹកវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។
ក្មេងប្រុសរងគ្រោះ មានឈ្មោះ ផល្លី អាយុ ១៥ ឆ្នាំ។ បើតាមស្រ្តីម្នាក់ត្រូវជាម្ដាយចិញ្ចឹម បានប្រាប់ឲ្យដឹងថា ក្មេងប្រុសរងគ្រោះ គឺមិនមែនជាកូនបង្កើតរបស់គាត់នោះទេ តែជាកូនចិញ្ចឹមតាំងពីតូចមកម្ល៉េះ ហើយគាត់ពិតជាស្រឡាញ់ដូចកូនបង្កើតអុីចឹង។ ស្រ្តីជាម្តាយចិញ្ចឹមរូបនោះ បានរៀបរាប់ឲ្យដឹងទាំងទឹកភ្នែកថា កូននោះស្លូតបូតណាស់ ស្ដាប់តាមដំបូន្មានឪពុកម្ដាយ មិនដែលដើរទៅណារហេតរហូតនោះទេ គឺដឹងតែចេញពីសាលា ជួយធ្វើនំម្ដាយលក់រាល់ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែ មិនដឹងជាអកុសលអីថ្ងៃនេះ រូបគេបែរជាដើរទៅដល់វត្តស្ទឹងមានជ័យ បណ្ដាលឲ្យលង់ទឹកស្រះស្លាប់បែបនេះ។
ជុំវិញការលង់ទឹកស្លាប់របស់ក្មេងប្រុសខាងលើនេះ បើតាមកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញ មុនពេលកើតហេតុ គេបានឃើញក្មេងប្រុសរងគ្រោះ ដំបូងឡើយ ត្រូវបានមិត្តភក្តិរបស់គេរុញទម្លាក់ទឹក ហើយក៏បានហែលមកជណ្តើរវិញដោយសុវត្ថិភាព និងលើកទី២ ក៏ត្រូវមិត្តភក្តិដដែលរុញទម្លាក់ទឹកម្តងទៀត ដោយរូបគេបានធ្លាក់ចុះទៅមុន ហើយមិត្តភក្តិជាអ្នករុញធ្លាក់ទៅព្រមជាមួយគ្នាផងដែរ។ ប៉ុន្តែ មិនដឹងជាយ៉ាងម៉េច ក៏ស្រាប់តែរូបគេ បានលេចទឹកបាត់ស្រមោលតែម្តង ខណៈមិត្តភក្តិអ្នករុញស្លៀកខោជើងវែង នៅអាចហែលទឹកបាន និងហែលព្យាយាមតោងក្បូន ហើយសំណាង ក៏ត្រូវបានបុរសម្នាក់ក្នុងចំណោអ្នកដើរចេញចូលនៅទីនោះឃើញ ក៏ចុះមកជួយទាញរូបគេឡើងមកលើគោកដោយសុវត្ថិភាព។
ជាមួយហេតុការណ៍ដ៏មិននឹកស្មាននេះផងដែរ ក៏មានចម្ងល់លើកឡើងថា តើក្មេងប្រុសដែលអាចចេះហែលទឹករងគ្រោះរូបនេះ បានលង់ទឹកស្លាប់ដោយសារអ្វីទៅ? ខណៈអ្នកខ្លះបានយល់ឃើញថា មកពីក្មេងប្រុសម្នាក់ទៀត លោតចុះតាមបោះជង្គង់ត្រូវកន្លែងសំខាន់ បណ្តាលឲ្យចុកឆ្អល់ខ្លាំង ទើបគ្នាមិនអាចហែលទឹកបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







