Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលីផ្តល់សម្ភារៈបរិក្ខារពេទ្យព្យាបាលជំងឺកូវីដដល់កម្ពុជា

ភ្នំពេញ ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០២១នេះ បានចេញផ្សាយព័ត៌មានថា កាលពីថ្ងៃសៅរ៍ ប្រទេសអូស្ត្រាលី បានផ្តល់សម្ភារៈបរិក្ខារពេទ្យ ដល់កងយោធពលខេមរភូមិន្ទ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ការប្រគល់ជំនួយនេះ ជាការផ្តល់ជូនចុងក្រោយនៃជំនួយ ដែលបានផ្តល់ជូនជាច្រើនពីប្រទេសអូស្ត្រាលី ដែលបានកើតមានក្នុងឆ្នាំនេះ ដែលរួមមាន សម្ភារៈបរិក្ខារការពារផ្ទាល់ខ្លួន ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ ឧបករណ៍ពិនិត្យអ្នកជំងឺ ឧបករណ៍សម្រាប់បញ្ចូលអុកស៊ីហ្សែន និងឧបករណ៍ជំនួយដល់ការដកដង្ហើម។

ឯកឧត្តមឯកអគ្គរាជទូត Kang បានផ្តល់អំណោយជាសម្ភារៈបរិក្ខារពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ចំនួនជាង ១ ៥០០គីឡូក្រាម ជូនដល់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ។ ក្នុងចំណោមនេះ បរិក្ខារប្រើប្រាស់មានដូចជា ស្រោមដៃចំនួនជាង ២០ ០០០ ម៉ាស់ចំនួន ៥០ ០០០ បង់រុំចំនួន ៣ ៨០០ និងឧបករណ៍ធ្វើតេស្តរកមេរោគកូវីដចំនួន ១០ ០០០។

ការប្រគល់ជំនួយបរិក្ខារពេទ្យនេះ ពង្រឹងការប្តេជ្ញាចិត្តរបស់ប្រទេសអូស្ត្រាលី ក្នុងការជួយដល់ការអភិវឌ្ឍនាពេលអនាគតរបស់កម្ពុជា រួមទាំងការស្តារឡើងវិញនូវសុខុមាលភាព និងសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ ព្រមទាំងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិរបស់យើងផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×