ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២១ នេះ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ ៣នាក់ ដែលតុលាការរាជធានីភ្នំពេញ កាត់ទោស ដាក់ពន្ធធានាគារ ក្នុងម្នាក់ៗ កំណត់ ៤ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅសង្កាត់ អូរបែក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីអំឡុងខែ កញ្ញា ឆ្នាំ ២០២០ ។
លោក ស៊ិន វិសាល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ ៣នាក់ ខាងលើ មានឈ្មោះ ទី១ -ឈ្មោះ ចាន់ ផល្លា អាយុ ២៩ ឆ្នាំ ។ ទី ២-ឈ្មោះ ហ៊ុន សារុន ភេទប្រុស អាយុ ៣៤ ឆ្នាំ ។ និង ទី ៣- ឈ្មោះ ប៊ុន សុខយ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ ។
នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០ កាត់ទោស ដាក់គុកកំណត់ម្នាក់ៗ ៤ ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ៥ លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ពីបទ: “ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង ញៀន ។ តែពួកគេបានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២០ នៅក្នុងសង្កាត់ អូរបែក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបានគ្រឿងញៀន ប្រភេទមេតំហ្វេតាម៉ីន ចំនួន ១កព្ចាប់ធំ មាននទម្ងន់សរុប ២ ,៤២ ក្រាម។
សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកា នៅព្រឹកថ្ងៃទ ២៩ ខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ៕
រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

