ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២១ បានប្រកាសសាលដីកាតម្កល់ទោស ជនជាប់ចោទប្រុស-ស្រី ចំនួន២នាក់ ដែលត្រូវជាប្តីប្រពន្ធនឹងគ្នា ដាក់គុក ម្នាក់ៗ កំណត់ ពី ២២ ឆ្នាំ ទៅ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀន មានទម្ងន់ ជិត កន្លះគីឡូក្រាម ប្រព្រឹត្តនៅខណ្ឌទួលគោក កាលពីខែ ឧសភា ឆ្នាំ ២០២០។

លោក ស៊ិន វិសាល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ថ្លែងឲ្យដឹងក្នុងអង្គសវនាការថា ជនជាប់ចោទទាំ ២ នាក់ខាងលើនេះ មានឈ្មោះ សុខ ធឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវជាប្តី និងម្នាក់ទៀត មាន ឈ្មោះ គង់ ចិន្ថា ភេទស្រី អាយុ ៣០ ឆ្នាំ ត្រូវជាប្រពន្ធ។
ក្នុងចំណោម ជនជាប់ចោទទាំង២នាក់ នេះ , ឈ្មោះ សុខ ធឿន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នំា ២០២១ កាត់ទោស ដាក់គុក កំណត់ ២៥ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន៤០លានរៀល ។ ចំណែកឯ ឈ្មោះ គង់ ចិន្ថា ត្រូវជាប់គុក ២២ ឆ្នាំ និង ក៏ ត្រូវបានពិន័យ ជាប្រាក់ ចំនួន ៤០លានរៀល ផងដែរ។
ពួកគេត្រូវបាន ជាប់ចោទពីបទ: ជួញដូរ និង រក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២០។
សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដកហូតបានគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន ៥កព្ចាប់ធំ មានទម្ងន់សរុប ៤០០, ៩៥ ក្រាម និង ទូរស័ព្ទ ចំនួន១ គ្រឿង ពីពួកគេ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

