ភ្នំពេញ ៖ គ្រឿងញៀនជិត ១តោនកន្លះ និងមេក្លោង រួមទាំងបក្ខពួកចំនួន ១៣នាក់ ត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាប និងបានការបា.ញ់ប្រ.ហារគ្នារវាងក្រុមជួញដូរគ្រឿងញៀន ជាមួយកម្លាំងសមត្ថកិច្ចបណ្តាលឲ្យជនសង្ស័យ ១នាក់ស្លា.ប់នៅនឹងកន្លែង។ ការបង្ក្រាបនេះ បានធ្វើឡើងនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ , ស្រុកកំពង់សិលា ខេត្តកោះកុង , នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីម៉ោងជាង ១រំលងអធ្រាត្រ។

នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ ក្រុមជនល្មើសបានបាញ់រះមកកម្លាំងសមត្ថកិច្ច ហើយបានត្រូវសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួនបា.ញ់ស្លា.ប់ម្នាក់នៅនឹងកន្លែង។
មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN នៅរសៀលថ្ងៃទី១៣ ខែធ្នួនេះថា ការបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំនេះ គឺសមត្ថកិច្ចបានបង្ក្រាបចំនួន ៣គោលដៅ រួមមានៈគោលដៅទី១. នៅចំណុចផ្លូវបំបែកស្រែអំបិល តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងស្រុកកំពង់សិលា ខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ ១នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) និងជនសង្ស័យ ១នាក់ទៀត ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) បានបា.ញ់រះមកលើសមត្ថកិច្ចហើយបានត្រូវសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួនបា.ញ់ស្លា.ប់ម្នាក់នៅនឹងកន្លែង និងដកហូតសារធាតុញៀនប្រភេទខេតាមីន ចំនួន ៧៤បាវ ទម្ងន់សរុប ១.៤៨០គីឡូក្រាម រថយន្ត ២គ្រឿង និងអាវុធខ្លី ១ដើម។
គោលដៅទី២. នៅចំណុចផ្ទះលេខ ៤០R ផ្លូវ R ភូមិព្រៃទា ២ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនមេក្លោង និងបក្ខពួកចំនួន ៧នាក់ (ស្រី ៣នាក់) ដោយក្នុងនោះមមានជនជាតិខ្មែរចំនួន ២នាក់ (ស្រី) និងជនជាតិចិន ៥នាក់ (ស្រី ១នាក់) និងដកហូតរថយន្ត ២គ្រឿង និងម៉ូតូ ៣គ្រឿង រួមទាំងសម្ភារមួយចំនួន។

គោលដៅទី៣. សមត្ថកិច្ចបានបន្តប្រតិបត្តិការស្រាវជ្រាវរកឃើញទីតាំងលួចលាក់កែច្នៃសារធាតុញៀន ១កន្លែង ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលទីតាំងនោះបន្លំជ្រកក្រោមស្លាករោងចក្រផលិតអាល់កុល។ ដោយក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ (ជនជាតិខ្មែរ ១នាក់ , ចិន ៣នាក់ , ឥណ្ឌា ១នាក់)។ រកឃើញសារធាតុញៀនប្រភេទខេតាមីនទម្ងន់ ៤,០៣គីឡូក្រាម និងសារធាតុគីមីផ្សំ ៩ប្រភេទ សរុបទម្ងន់ ៨៤.៤៥៤.១៦គីឡូក្រាម ម៉ាស៊ីន និងឧបករណ៍ស្វ័យប្រវត្តិធំៗ សម្រាប់ប្រព្រឹត្តកម្មកែច្នៃសារធាតុញៀនជាច្រើនប្រភេទ។
ប្រភពដដែលបានបញ្ជាក់ថា ការបង្ក្រាបទាំង ៣គោលដៅខាងលើនេះ ឃាត់ខ្លួនមេក្លោង ១នាក់ និងបក្ខពួកចំនួន ១២នាក់ សរុបចំនួន ១៣នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន ៣នាក់ , ចិនចំនួន ៩នាក់ និងជនជាតិឥណ្ឌា ១នាក់ ព្រមទាំងអា.វុធ ១ដើម។ ដកហូតសារធាតុញៀន ១.៤៨៤.០៣គីឡូក្រាម រថយន្ត ៤គ្រឿង ម៉ូតូ ៣គ្រឿង និងអាវុធខ្លី ១ដើម។
គួរបញ្ជាក់ថា ការបង្ក្រាបគ្រឿងញៀនដ៍ធំនេះ គឺក្រោមការដឹកនាំបញ្ជាពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគគស្នងការនគរបាលជាតិ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ







