ភ្នំពេញ ៖ បុរសម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រិត ជិះរថយន្តស៊េរីទំនើបមួយគ្រឿង ចូលចាក់សាំងអត់ឲ្យលុយគេ ហើយលោតចុះពីលើរថយន្ត រត់ពេញផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅផ្លូវលេខ៤៣០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរូបនេះ ជិះរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANG ROVER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ BQ-3969 បើកចូលមកចាក់សាំងនៅការ៉ាស់សាំង TOTAL ខណ:ពេលចាក់សាំង ហើយក៏បានស្រែកឆោឡោរវើរវាយ ឲ្យគេជួយរត់ឆ្លេឆ្លា បង្កឲ្យមានការភ្ញាក់ផ្អើលតាំងពីចំណុចផ្លូវបំបែកជា៥ រហូតមកដល់ផ្លូវ១៦៣ ចំណុចស្តុបទួលទំពូង ទើបអស់កម្លាំងអង្គុយទៅមុខលែងរួច ទើបសមត្ថកិច្ចប៉ុស្តិ៍ទួលទំពូង២ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ទួលទំពូង២ និងកម្លាំងអន្តរាគមន៍ខណ្ឌចំការមន បានចុះមកសម្រួលចរាចរណ៍ នៅចំណុចខាងលើ និងបានលួងលោមបុរសខាងលើ ដឹកយកទៅកាន់សាលាសង្កាត់ទួលទំពូង២ ដើម្បីប្រគល់ទៅឲ្យក្រុមគ្រួសារ សាច់ញាតិនៅពេលក្រោយ។
ក្នុងហេតុការណ៍ខាងលើនេះ មានសមត្ថកិច្ចខ្លះបានលួចខ្សិបប្រាប់ថា បុរសដែលមានសាច់ឈាមស្រស់ថ្លាខាងលើនេះ ជាកូនអ្នកធំម្នាក់ ហើយសង្ស័យតែបុរសខាងលើនេះ ប្រើប្រាស់គ្រឿងញៀន លើសកម្រិតទើបបណ្តាលឲ្យក្លាយខ្លួនទៅជាបែបនេះ ដូច្នេះសូមយកវ័យទាំងឡាយ សូមជៀសផុតឲ្យឆ្ងាយពីគ្រឿងញៀន , គ្រឿងញៀនអាចបំផ្លាញអនាគតរបស់អ្នក៕ រក្សាសិទ្ធិដោយ ៖ សួង សាម











