ភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក វីរៈឆ័យ ស៊ុតមេត្តា អគ្គស្នងការរងនគរបាលជាតិប្រទេសថៃ បានបញ្ជាក់យ៉ាងច្បាស់ថា “គោលនយោបាយរាជរដ្ឋាភិបាលថៃ ក៏ដូចជាស្ថាប័នប៉ូលីសថៃ ដាច់ខាតមិនឱ្យក្រុមប្រឆាំងយកទឹកដីថៃ ជាទីតាំងធ្វើសកម្មភាពនយោបាយប្រឆាំងនិងរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសណាមួយឡើយ”។ សមត្ថកិច្ចប៉ូលីសថៃគ្រប់លំដាប់ថ្នាក់នឹងបន្កកិច្ចសហប្រតិបត្តិការល្អជាមួយសមត្ថកិច្ចប៉ូលីសកម្ពុជាជានិច្ច”។

ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិថៃបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅទីបញ្ជាការដ្ឋាននគរបាលជាតិថៃ ក្នុងទីក្រុងបាងកក នាពេលថ្មីៗកន្លងមកនេះ។
នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតសុខ សុក្រឹត្យា បានស្នើភាគីថៃបន្តជំរុញកិច្ចសហប្រតិបត្តិការល្អក្នុងកិច្ចការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការបង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្ស អនុញ្ញាតិភ្ជាប់ Mobile App សុវត្ថិភាពពលករចំណាកស្រុកជាមួយប្រព័ន្ធប៉ូលីសថៃ និងការទប់ស្កាត់ក្រុមប្រឆាំងដែលប្រើប្រាស់បណ្តាញសង្គមពីប្រទេសថៃដើម្បីធ្វើការវាយប្រហារមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀនតាមព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃនិងប៉ូលីសថៃដែលបានរួមសហការក្នុងការចាប់ក្រុមឧក្រិដ្ឋកម្មបរទេស ដែលបានយកទឹកដីកម្ពុជាបោកបញ្ឆោតយុវជនថៃ ស្ត្រីថៃតាមរយៈមណ្ឌលផ្តល់ព័ត៌មានទូរស័ព្ទ (CALL CENTER) និងជាពិសេសថែមទាំងបានលួចចាប់ពង្រត់ស្រ្តីថៃដើម្បីជំរិតទារប្រាក់ក្នុងម្នាក់ៗ ២០០០០-៣០០០០បាត ដែលរឿងនេះកម្ពុជាពុំមានទាក់ទិនសោះនោះឡើយ។

ជំនួសមុខឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិតបានថ្លែងអំណរគុណដល់ប៉ូលីសថៃដែលបានធ្វើការបង្ក្រាបជាបន្តបន្ទាប់ ក្រុមមេខ្យល់ក្នុងការនាំពលករខុសច្បាប់ចូលប្រទេសថៃ នូវកិច្ចសហការល្អរបស់ប៉ូលីសថៃ ដែលកន្លងមកបានដោះស្រាយនិងបញ្ចប់ឧក្រិដ្ឋ.កម្មឆ្លងដែនបានយ៉ាងល្អប្រសើរ។ ត្រង់ចំណុចទាំងនេះ បានពិសោធន៍ឱ្យឃើញ និងបានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាមិនមានពាក់ព័ន្ធហើយ និងមិនធា្លប់គាំទ្រដល់ការជួញដូរមនុស្ស ឬជួញដូរកម្លាំងពលកម្មខុសច្បាប់នោះឡើយ។ មូលហេតុនេះហើយបានជាមានការចូលរួម កិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋាភិបាលប្រទេសទាំងពីរ និងមានការចូលរួមបើកច្រកព្រំដែន រវាងប្រទេសទាំងពីរឱ្យច្រើនឡើងបន្ថែមទៀត ដើម្បីជំរុញលើកស្ទួយវិស័យ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ





