Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បើកការដ្ឋានសាងសង់ គម្រោងពង្រីកសមត្ថភាព ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់» ក្រោមហិរញ្ញប្បទានឥតសំណង ប្រមាណជិត ២២លានដុល្លារ របស់ប្រទេសជប៉ុន ត្រូវបានរៀបចំពិធីបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅទីតាំងគម្រោងដែលស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់។

ពិធីបើកការដ្ឋាន បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោកស្រី មីយ៉ាហារ៉ា អាយ អនុប្រធាន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា (JICA)។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ JICA បានឲ្យដឹងថា គោលបំណងនៃគម្រោងនេះ គឺដើម្បីបង្កើនការទទួលបានទឹកស្អាត ធ្វើឲ្យសេវាផ្គត់ផ្គង់ទឹកប្រកបដោយ ស្ថេរភាព និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានថ្លែងថា ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ បើតាមសេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា គម្រោងនឹង៖

  • (១)៖ សាងសង់ស្ថានីយបូមទឹកឆៅ ដែលមានសមត្ថភាពបូមទឹកបាន ៧.២៦០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦.៦០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ សាងសង់អគាររដ្ឋបាល តំឡើងបំពង់បូមទឹកឆៅដែលមានប្រវែង ៨.៣ គីឡូម៉ែត្រ និងបំពង់ចែកចាយទឹកស្អាតដែលមានប្រវែង៧៥.៤គីឡូម៉ែត្រ។
  • (២)៖ ធ្វើលទ្ធកម្មសម្ភារមន្ទីរពិសោធន៍សម្រាប់ការវិភាគគុណភាពទឹក ឧបករណ៍ប្រើប្រាស់សម្រាប់គ្រឿងអគ្គីសនី ម៉ាស៊ីន និងមេកានិច សម្ភារ និងបរិក្ខារសម្រាប់ការតបណ្តាញចូលផ្ទះ រួមទាំងគ្រួសារក្រីក្រ ព្រមទាំងប្រព័ន្ធគ្រប់គ្រងគណនេយ្យ។
  • (៣)៖ ផ្តល់ជាជំនួយបច្ចេកទេសសម្រាប់ប្រតិបត្តិការ និងគ្រប់គ្រងបរិក្ខារដែលបានសាងសង់ និងការគ្រប់គ្រងផលិតកម្ម។

គម្រោងសាងសង់ដែលមានតម្លៃចំនួន ២.៤០៥ លានយ៉េន (២១,៩លានដុល្លារ) នឹងគ្រោងបញ្ចប់ការសាងសង់ត្រឹមខែសីហា ឆ្នាំ ២០២៣។ ក្រោយបញ្ចប់ការសាងសង់ សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកខេត្តពោធិ៍សាត់នឹងកើនដល់ចំនួន ១៣.៨៦០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។ ជាមួយនឹងសមត្ថភាពនេះ គេរំពឹងថានៅឆ្នាំ២០២៥ ប្រជាជននៅទីប្រជុំជនចំនួន ៨៦.១% (១១០.៥៣១នាក់) និង ប្រជាជនក្នុងតំបន់សេវាទឹកស្អាតរដ្ឋាករទឹកខេត្តពោធិ៍សាត់ចំនួន៦៧.៩% នៃចំនួនប្រជាជនសរុប (១១០.៥៣១ នាក់) នឹងទទួលបានអត្ថប្រយោជន៍។

នេះជាគម្រោងហិរញ្ញប្បទានឥតសំណងទី២ ដែលរដ្ឋាភិបាលជប៉ុន ផ្តល់ដល់រដ្ឋាករទឹកខេត្តពោធិ៍សាត់ បន្ថែមលើគម្រោងទី១ ក្នុងឆ្នាំ ២០១៤។ គម្រោងនេះ នឹងចូលរួមគាំទ្រយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការសម្រេចគោលដៅរបស់ខ្លួនដូចបានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដោយនៅត្រឹមឆ្នាំ ២០២៥ អត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជននឹងសម្រេចបាន១០០%។

JICA បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។ រហូតមកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតជាច្រើនត្រូវបានសាងសង់ដោយហិរញ្ញប្បទានឥតសំណងក្នុងខេត្តមួយចំនួនដូចជា ខេត្តកំពង់ចាម បាត់ដំបង កំពត សៀមរាប ភ្នំពេញ ព្រះសីហនុ។ល។

JICA ក៏បានអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាច្រើនជាមួយរដ្ឋាករទឹកស្វយ័តភ្នំពេញ រដ្ឋាករទឹកស្វយ័តសៀមរាប ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋាករទឹកសាធារណៈ ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេទាំងផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ ការគ្រប់គ្រង និងរដ្ឋបាល។ លើសពីនេះ JICA ក៏បានផ្តល់ជំនួយហិរញ្ញប្បទានសម្បទានដល់រដ្ឋាករទឹកស្វយ័តភ្នំពេញ និងសៀមរាប ដែលជាអង្គភាពស្វយ័តដើម្បីសាងសង់បរិក្ខារផ្គត់ផ្គង់ទឹកស្អាតផងដែរ។

ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សង្ឃឹមថា គម្រោងនេះនឹងត្រូវបានអនុវត្តដោយរលូន និងជោគជ័យ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×