ភ្នំពេញ ៖ បើតាមរបាយការណ៍ស្ដីពីប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញរយៈពេល១១ខែ ឆ្នាំ២០២១ នេះ រួមមាន ៖
១- ចំណូលពីប្រតិបត្តិការផែ មានចំនួន ២៤,៣៧៧,៦៨៣ដុល្លារ។
២- ចំណូលបានពីអាជ្ញាធរផែ មានចំនួន ៣,២៣៣,០៧២ដុល្លារ។
៣- ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ៣០៧,៥៤១ដុល្លារ។
៤- ចំណូលផ្សេងៗ មានចំនួន ២,៤៧១,៨៧៦ដុល្លារ។

របាយការណ៍ដែលមជ្ឈមណ្ឌលព័ត៌មាន CEN ទើបតែទទួលបាននៅ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នេះ បង្ហាញថា រយៈពេល១១ខែ ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ៣០,៣៩០,១៧២ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) មានការកើនឡើង១៤% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ មានចំនួន ២៦,៦៥៨,២២១ដុល្លារ (បានធ្វើសវនកម្ម)។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបាន ២៩,៤៨៧,៣៧៨ដុល្លារ ធ្លាក់ចុះ ៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំណូលចំនួន ៣១,៣១១,២៦៤ដុល្លារ។
លោក ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុក ឲ្យដឹងថា ការកើនឡើងចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ នៅរយៈពេល១១ខែ ឆ្នាំ២០២១នេះ ដោយតែបរិមាណទំនិញឆ្លងកាត់ មានការកើនឡើង, ដូចជា មានការកើនឡើងប្រមាណ១៥ ទៅ ១៧ភាគរយ ធ្វើឲ្យចំណូលមានការកើនឡើងសមាមាត្រដូចគ្នាទៅនឹងផលិតផលរោងចក្រកាត់ដេរ មានការកើនឡើង និងផលិតផលកសិផលមួយចំនួន ក៏មានការកើនឡើងផងដែរ។

ពេលនេះទៀត កំពង់ផែស្វយ័តភ្នំពេញ ក៏កំពុងពង្រីកផែរណប នៅតាមដងទន្លេបន្ថែមទៀត ដើម្បីសម្រួលដឹកជញ្ជូន ដល់ទីតាំងប្រើប្រាស់ របស់អតិថិជន រួមមាន ៖ ១- ផែរណបគីឡូម៉ែត្រលេខ៦, ២- ផែរណបត្បូងឃ្មុំ, ៣- ផែរណបព្រែកអញ្ចាញ , និង ៤- ផែរណកោះរកា។ ដូច្នេះ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែស្វយ័តភ្នំពេញ បន្ថែមទៀតនេះ គឺនៅឆ្នាំក្រោយនឹងអាចផ្ទុកទូកុងតឺន័រ ចំនួន ១០ម៉ឺនទូបន្ថែមទៀត ខណៈបច្ចុប្បន្ន កំពង់ផែស្វយ័តភ្នំពេញ មានសមត្ថភាពអាចផ្ទុកទូកុងតឺន័របាន ចំនួន ៤០ម៉ឺនទូប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN






