ភ្នំពេញ ៖ ចាប់ផ្តើមកំរើកហើយ គណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច បានបើកអង្គប្រជុំវិសាមញ្ញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពិគ្រោះពិភាក្សារកមធ្យោបាយសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុង និងត្រៀមបេក្ខភាពដែលមានលក្ខណៈសម្បត្តិ ដើម្បីជ្រើសតាំងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចថ្មី ជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់សោយព្រះទិវង្គត។
មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចបានប្រាប់ CEN នៅព្រលប់ថ្ងៃទី១៣ ខែធ្នូនេះថា បើយោងតាមបញ្ជីឈ្មោះគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច គឺលំដាប់លេខរៀងបន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលនឹងត្រូវជ្រើសតាំងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច គឺព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី ដែលជាបងប្អូនបង្កើតជាមួយសម្តេចក្រុមព្រះ ម្តាយទីទៃពីគ្នា។
ប្រភពដដែលបានបង្ហើបឲ្យដឹងថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី ដែលជាបងប្អូនបង្កើតជាមួយសម្តេចក្រុមព្រះ ម្តាយទីទៃពីគ្នា នឹងត្រូវជ្រើសតាំងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចថ្មី ជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ ហើយកាលពីពេលកន្លងទៅព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី ក៏ធ្លាប់បានធ្វើការប្រធានគណបក្សហ៊្វុនស៊ិនប៉ិចដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្តីពីលទ្ធផលនៃអង្គប្រជុំវិសាមញ្ញគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់សោយព្រះទិវង្គត គណបក្សហ៊្វុនស៊ិនប៉ិចជួបវិបត្តិគ្មានអ្នកដឹកនាំ ពីព្រោះក្នុងលក្ខន្តិកៈ បានតម្រូវឲ្យគ្រប់សកម្មភាពការងារ និងការប្រជុំផ្សេងៗ ស្ថិតនៅក្រោមអធិបតីភាពរបស់ប្រធានគណបក្ស។ ក្នុងស្ថានភាពនេះ គណៈកម្មាធិការនាយក បានបើកអង្គប្រជុំវិសាមញ្ញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពិគ្រោះពិភាក្សារកមធ្យោបាយសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុង ដោយអនុវត្តតាមស្មារតីលិខិតលេខ ៣២៤១ សជណ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ និងត្រៀមបេក្ខភាពដែលមានលក្ខណ សម្បត្តិស្របតាមប្រការ២៦ នៃលក្ខន្តិកៈ ដើម្បីជ្រើសតាំងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។
ដើម្បីចៀសវាងការភ័ន្តច្រឡំអំពីនីតិវិធីសម្រាប់ការជ្រើសតាំងប្រធានគណបក្ស ដូចដែលបុគ្គលខ្លះ ធ្លាប់បានសម្ភាសន៍ជាមួយសារព័ត៌មាននាពេលថ្មីៗនេះ គណៈកម្មាធិការនាយកសូមបញ្ជាក់ថា ការតែងតាំង ប្រធានស្ដីទីកន្លងមក ត្រូវបានក្រសួងមហាផ្ទៃចេញលិខិតលេខ ១៥២៥ សជណ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨ តម្រូវឲ្យអនុវត្តបានត្រឹមត្រូវតាមលក្ខន្តិកៈ។ រហូតមកទល់បច្ចុប្បន្ននេះ គណបក្សហ៊្វុនស៊ិនប៉ិច ពុំទាន់បានចាត់ចែងអនុវត្តតាមស្មារតីនៃលិខិតរបស់ក្រសួងមហាផ្ទៃនៅឡើយទេ។
ក្នុងស្ថានភាពដែលគណបក្សហ៊្វុនស៊ិនប៉ិចគ្មានប្រធានដឹកនាំ គណបក្សបានស្ថិតក្នុងករណីប្រធានសក្តិ ដូចមានចែងក្នុងប្រការ២៤ នៃលក្ខន្តិកៈ ដូច្នេះមានតែគណៈកម្មាធិការនាយកប៉ុណ្ណោះ ដែលមានសមត្ថកិច្ច កោះប្រជុំសមាជស្របតាមនីតិវិធីដូចមានចែងក្នុងលក្ខន្តិកៈ។ យោងតាមមាត្រា១៨.ថ្មី នៃច្បាប់ស្ដីពីវិសោធន កម្មច្បាប់ស្តីពីគណបក្សនយោបាយ បានអនុញ្ញាតឲ្យគណបក្សនយោបាយចាត់នីតិវិធី ដើម្បីជំនួសប្រធាន គណបក្សដែលបាត់បង់តួនាទី ក្នុងរយៈពេលយ៉ាងយូរ៩០ថ្ងៃ គិតពីថ្ងៃបាត់បង់តួនាទីនោះ។ ដោយឡែកប្រការ ២៤ វាក្យខណ្ឌបី នៃលក្ខន្តិកៈគណបក្សហ៊្វុនស៊ិនប៉ិច ចែងថា “ក្នុងករណីប្រធានសក្ដិ គណៈកម្មាធិការនាយក ត្រូវរៀបចំកោះប្រជុំសមាជ ដើម្បីជ្រើសតាំងប្រធានគណបក្សក្នុងរយៈវេលា៦០ថ្ងៃ យ៉ាងយូរ”។ ដោយហេតុ ថា គណៈកម្មាធិការនាយក ពុំទាន់បានចាត់នីតិវិធីដើម្បីកោះប្រជុំសមាជជ្រើសតាំងប្រធានគណបក្សបាន សមាជិកគណៈកម្មាធិការនាយកចំនួន៩រូប លើ ១៣រូប ដែលនៅមានសុពលភាព បានសម្រេចក្នុងអង្គប្រជុំ វិសាមញ្ញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដូចខាងក្រោម៖ ទី១ – កំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំរៀបចំពិធីថ្វាយព្រះកុសលនិងគោរពវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។
ទី២ – ធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការនាយក ដែលនៅសុពលភាព មានចំនួន ១៣រូប។
ទី៣ – ផ្តល់នីត្យានុកូលភាពនៃមុខដំណែងថ្នាក់ដឹកនាំ ក្នុងរចនាសម្ព័ន្ធរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានមុនខែមិថុនា ឆ្នាំ២០១៨។
ទី៤ – ប្រគល់ភារកិច្ចជូនអនុប្រធានគណបក្សមួយរូប ធ្វើជាតំណាងគណៈកម្មាធិការនាយក ដើម្បីចុះហត្ថលេខាលើឯកសារពាក់ព័ន្ធនឹងអង្គប្រជុំវិសាមញ្ញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។
ទី៥ – ប្រគល់ភារកិច្ចជូនគណៈកម្មការដោះស្រាយកិច្ចការទូទៅ “គក.ទ” ដើម្បីដឹកនាំគណបក្ស ជា បណ្តោះអាសន្ន ដោយធ្វើការពិគ្រោះយោបល់ជាមួយគណៈកម្មាធិការនាយក រហូតដល់គណ បក្សបានជ្រើសតាំងប្រធានគណបក្ស ស្របតាមលក្ខន្តិកៈគណបក្សហ៊្វុនស៊ិនប៉ិច។
ទី៦ – រៀបចំបេក្ខភាពថ្នាក់ដឹកនាំមួយរូបដែលមានលេខរៀងបន្ទាប់ពី សម្តេចក្រុមព្រះ ឬព្រះញាតិវង្ស របស់ព្រះអង្គ ដើម្បីជ្រើសតាំងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។
ទី៧ – បញ្ចប់សុពលភាពនៃការប្រើប្រាស់ត្រាមូលរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានឆ្លាក់អក្សរសម្ដេចព្រះប្រធាន ចាប់ពីថ្ងៃដែល សម្តេចក្រុមព្រះ ទ្រង់សោយព្រះទិវង្គត។
ទី៨ – អនុញ្ញាតឲ្យប្រើប្រាស់ត្រាមូលរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដូចមានគម្រូដែលបានជូនដំណឹង ទៅក្រសួងមហាផ្ទៃ និងចម្លងជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ទី៩ ប្រគល់ភារកិច្ចជូនសហជីវិន ផាន់ សិទ្ធី ទទួលបន្ទុកជាអ្នកនាំពាក្យរបស់គណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



