ភ្នំពេញ ÷ ពិធីករដ៏ល្បីនៅក្នុងប៉ុស្តិ៍ទូរស្សន៍មួយ គឺតាប៊ុយ សង្ស័យថាស្រវឹងស្រាខ្លាំង បានបើករថយន្ត rang rover មួយគ្រឿង ក្នុងល្បឿនលឿនជ្រុលទៅបុ.ករថយន្តព្រូស ឈប់ចាំស្តុបពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាត មិនព្រមឈប់ដោះស្រាយ បន្តបើកទៅមុខតែត្រូវបានម្ចាស់រថយន្តរងគ្រោះ ដេញតាមពីក្រោយឃាត់ជាប់នៅចំណុចជិតនឹងក្តាន់២។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង ១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវព្រះមុន្នីវង្ស ចំណុចស្តុបធនាគារកាណាឌីយ៉ា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបុរសជាម្ចាស់រថយន្តព្រូស បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់ បានបើករថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AH-7048 បើកចេញពីផ្លូវភ្លោះអូរឬស្សីរួចបត់តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុ នៅនិងស្តុបធនាគារកាណាឌីយ៉ា រូបគាត់ក៏បានឈប់រងចាំស្តុប ស្រាប់តែភ្លាមនោះដែរក៏មានរថយន្តបង្កម៉ាកrang rover ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2BK-8809 បើកបរដោយពិធីករដ៏ល្បីនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ មួយ គឺតាប៊ុយ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្របទិសពីត្បូងមកជើងក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តព្រូស ពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាត រួចព្យាយាមបន្តបើករត់ទៅមុខលុះរត់មកដល់ជិតទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវម្ចាស់រថយន្តតាមឃាត់បានវិញ រាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឃាត់ពិធីករតាប៊ុយ បើករថយន្តបង្កយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក ដើម្បីធ្វើការសម្របសម្រួលគ្នា ចុងក្រោយរថយន្តបង្កសងជាសំណង៥០០$ ដុល្លារបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត














