កាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរស្សុី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយរថយន្តទំនើប១គ្រឿងម៉ាក Range Rover បានបុករថយន្ត Prius ១គ្រឿង ពីក្រោយយ៉ាងពេញទំហឹងដែលត្រូវបានដឹងថាកំពុងឈប់រង់ចាំភ្លើងស្តុប។
ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់ និងគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ គឺរថយន្តបង្កម៉ាករ៉េងរ៉ូវ័រនោះ ដែលម្ចាស់អ្នកបើកបរ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា តាប៊ុយ ជាពិធីករដ៏ល្បីឈ្មោះមួយរូប ដែលបានងើបចេញពីក្នុងរថយន្តរបស់ខ្លួនទាំងស្ថិតក្នុងស្ថានភាពស្រវឹងយ៉ាងខ្លាំង ដោយដើរទៅកាន់រថយន្តមិត្តភក្តិរបស់ខ្លួន ស្ទើរទប់ខ្លួនពុំជាប់។
ដោយឡែក បើតាមម្ចាស់រថយន្ត Prius រងគ្រោះ ពាក់ស្លាកលេខ ភ្នំពេញ 2AH-7048 បានប្រាប់ឲ្យដឹងថា រថយន្តរបស់ខ្លួនកំពុងតែឈប់រង់ចាំស្តុប ស្រាប់តែពេលនោះ ក៏មានរថយន្តទំនើប១គ្រឿង ម៉ាករ៉េងរ៉ូវ័រ ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BK-8809 បើកមកបុកគូថរថយន្តព្រូសគាត់ពេញទំហឹង បណ្ដាលឲ្យខូចខាតផ្នែកខាងក្រោយយ៉ាងដំណំតែម្តង។
ម្ចាស់រថយន្តរងគ្រោះ ក៏បានប្រាប់ឲ្យដឹងគួរឲ្យហួសចិត្តថា បន្ទាប់បង្កគ្រោះថ្នាក់ គាត់ក៏ចុះមកនិយាយដេីម្បីសម្រួលគ្នា ប៉ុន្តែ ម្ចាស់រថយន្តរ៉េងរ៉ូវ័រ ដែលបើកបរដោយ តាប៊ុយ ស្រាប់តែទាញទូរស័ព្ទមកថត រួចបើករថយន្តគេចចេញពីកន្លែងកើតហេតុ ជាហេតុធ្វើឲ្យគាត់បើករថយន្តដេញតាម រហូតមកដល់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី ទើបអាចឃាត់បានតែម្តង។
តែទោះជាយ៉ាងណា នៅទីបំផុត ភាគីទាំងសងខាងក៏បានសម្រួលគ្នា ដេីម្បីបញ្ចប់រឿងនៅទីតាំងកេីតហតុផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












