ព្រះវិហារ៖ ក្នុងទិសដៅរួមគ្នាគោរពច្បាប់ចរាចរណ៍ជាភារកិច្ចរបស់យើងទាំងអស់គ្នា អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ និងក្រុមការងារ លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបានចុះអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ។
ក្នុងឱកាសចុះអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកកាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានមានប្រសាសន៍ថា ថ្វីត្បិតតែខេត្តព្រះវិហារជាខេត្តមួយនៅចុងកាតមាត់ញកជាប់ព្រំដែន ក៏ថ្នាក់ដឹកនាំខេត្ត សមត្ថកិច្ចពាក់ព័ន្ធតែងយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពចរាចរណ៍ដោយក្នុងនោះក្រៅពីសមត្ថកិច្ចចុះអនុវត្តន៍ច្បាប់ចរាចរណ៍នៅតាមដងផ្លូវ មន្ទីររបស់លោកបានយកចិត្តទុកដាក់ពីបញ្ហាស្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវនានា ដើម្បីអោយអ្នកបើកបរបានដឹងនិងមានការប្រុងប្រយ័ត្ន។
លោកសំលាងទ្រី ក៏បានថ្លែងអំណរគុណសម្តេចក្រឡាហោមសខេងប្រធានគណៈកម្មាការសុវត្ថិភាពចរាចរណ៍ លោកស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកអ៊ុន ចាន់ដាអភិបាលខេត្តនិងជាប្រធានអនុគណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោគខេត្តដែលបានឧបត្ថម្ភមួកសុវត្ថិភាពនិងតែងតែយកចិត្តទុកដាក់ដល់សមត្ថកិច្ចអនុវត្តច្បាប់ក៏ដូចជាមន្ត្រីជំនាញដែលខិតខំប្រឹងប្រែងក្នុងកិច្ចការនេះក្នុងនយ័បញ្ជៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរយើង។
ជាមួយព្រឹត្តិការណ៍បងប្អូនប្រជាពលរដ្ឋដែលទទួលការអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងទទួលបានមួកសុវត្ថិភាព យកទៅដើម្បីការប៉ះទង្គិចក្បាល បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់ការពារគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋ។ ពួកគាត់ប្តេជ្ញាចូលរួមគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា ក្រោយពីទទួល បានមួកសុវត្ថិភាព និងឯកសារពាក់ព័ន្ធនិងច្បាប់ចរាចរណ៍ ដើម្បីអោយប្រជាពលរដ្ឋបានយល់ជ្រួតជ្រាប ។
ក្រុមការងារនេះដឹកនាំដោយ លោកគោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាង លោកអ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ ដោយធ្វើឡើងចំនួន ០២ទីតាំង ក្នុងនោះរួមមាន៖ ទីតាំងសាលាគរុកោសល្យខេត្ត ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានចែកជូននូវសៀវភៅ អ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹងដល់សិស្សានុសិស្សអស់ចំនួន ១០០០ក្បាល និងខិតបណ្ណការពារជិវិតអ្នកបើកបរដោយសុវត្ថិភាព ពាក់មួកសុវត្ថិភាពអស់ ចំនួន ១៧០០សន្លឹក។ ទីតាំងលើកំណាត់ផ្លូវជាតិលេខ ៦២ នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានចុះយុទ្ធនាការស្ដីពី “ការអនុវត្តរឹតបន្តឹងការ ពាក់មួកសុវត្ថិភាព” ក្នុងនោះចរចារណ៍ឆ្លងកាត់មាន រថយន្តចំនួន ១៥២គ្រឿង ម៉ូតូចំនួន ៤៥២ គ្រឿង ពាក់មួកសុវត្ថិភាពចំនួន ២៧១គ្រឿង អត់ពាក់មួកសុវត្ថិភាពមានចំនួន ១៨១គ្រឿង អប់រំណែនាំ និងសំណួរចម្លើយចំនួន ១៨១គ្រឿង ប្រគល់មួកសុវត្ថិភាពសម្រាប់អ្នកឆ្លើយ សំណួរត្រូវបានចំនួន ១៥០មួក អ្នកមិនបានទទួលមួកមានចំនួន ៣១នាក់ ជាមួយគ្នានោះដែរក៏បានចែកជូននូវឯកសារពាក់ព័ន្ធចាំបាច់មួយចំនួនរួមមាន៖ ១- ស្ទីកឃ័រចំណាំងផ្លាតស្ដីពីការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព(ឡាន) ចំនួន ១៦២សន្លឹក ២- ស្ទីកឃ័រចំណាំងផ្លាតស្ដីពីការពាក់មួកសុវត្ថិភាព(ម៉ូតូ) ចំនួន ១៦២សន្លឹក ៣- ស្ទីកឃ័រសីលធម៌ ១០ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍ ចំនួន ១៦២សន្លឹក ៤- កាតសុវត្ថិភាព(សំរាប់អ្នកបើកបរ) ចំនួន ១៦២សន្លឹក ៥- ផ្ទាំងរូបភាពសញ្ញាចរាចរណ៍សំខាន់ៗ ចំនួន ៣០ផ្ទាំង ៦- សៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចំនួន ១៦២ក្បាល ៧- សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ចំនួន ១៦២ក្បាល ៨- មួកសុវត្ថិភាព ចំនួន ១៥០មួក៕ ដោយ៖ជាលី