Thursday, April 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥

សេចក្តីព្រាងគោលនយោបាយនេះ មានគោលបំណងបញ្ចប់ការបោសសម្អាតតំបន់ដែលដឹងថាមានមីន និងគ្រាប់បែកចង្កោម កាត់បន្ថយតំបន់សំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀត និងគាំទ្រកិច្ចសង្គ្រោះជនរងគ្រោះ ប្រកបដោយចីរភាពនិងបរិយាបន្ន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។

សេចក្តីព្រាងគោលនយោបាយនេះ មានគោលដៅចំនួន ៦ រួមមាន ១).រំដោះផ្ទៃដីដែលដឹងថាមានមីនទាំងអស់ត្រឹមឆ្នាំ២០៣០ និងផ្ទៃដីដែលដឹងថាមានគ្រាប់បែកចង្កោមទាំងអស់ និងផ្ទៃដីអាទិភាពដែលមានសំណល់ជាតិផ្ទុះពីសង្គ្រាមត្រឹមឆ្នាំ២០៣៥ ២).កសាងសមត្ថភាពនិងបង្កើតក្របខ័ណ្ឌជាតិប្រកបដោយចីរភាព ដើម្បីគ្រប់គ្រងសំណល់យុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ ៣).ផ្តល់ការអប់រំអំពីគ្រោះថ្នាក់ដោយសារ យុទ្ធភណ្ឌគ្រឿងផ្ទុះប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃតម្រូវការនិងបរិបទ ៤).ផ្តល់សេវាកម្មនិងជំនួយឱ្យបានទូលំទូលាយប្រកបដោយប្រសិទ្ធភាព ជូនដល់ជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ៥).លើកកម្ពស់កិច្ចសហប្រតិបត្តិការនិងជំនួយអន្តរជាតិក្នុងសកម្មភាពមីនប្រកបដោយប្រសិទ្ធភាព និង ៦).ធានាថា សកម្មភាពមីនឆ្លើយតបបញ្ហាអន្តរវិស័យ និងប្រើប្រាស់កត្តាជំរុញឱ្យប្រសើរឡើង។

សេចក្តីព្រាងគោលនយោបាយនេះ ត្រូវបានរៀបចំឡើងបន្តពីផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ដែលកម្ពុជាអនុវត្តបានយ៉ាងពេញលេញ និងដោយជោគជ័យ។ សេចក្តីព្រាងនេះ គឺជាផែនទីបង្ហាញផ្លូវសម្រាប់តម្រង់ទិសក្នុងការរៀបចំផែនការសកម្មភាពនិងយុទ្ធសាស្រ្តនានា នៃវិស័យសកម្មភាពមីនឱ្យល្អប្រសើរឡើង និងត្រៀមលក្ខណៈសម្រាប់ដំណាក់កាលគ្រប់គ្រងហានិភ័យដែលនៅសេសសល់នៃសំណល់ជាតិផ្ទុះពីសង្គ្រាម ក្រោយបញ្ចប់ការបោសសម្អាតមីន និងគ្រាប់បែកចង្កោមទូទាំងប្រទេស។ ទន្ទឹមនេះ សេចក្តីព្រាងនេះ បានតម្រង់ចក្ខុវិស័យយ៉ាងមុតស្រួចដោយឈរលើការគិតគូរគ្រប់ជ្រុងជ្រោយដើម្បីឱ្យ «ប្រទេសកម្ពុជារួចផុតពីផលប៉ះពាល់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ ធ្វើឱ្យជីវភាពរស់នៅប្រកបដោយចីរភាព ជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ»៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×