សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈនេះ គឺជាឯកសារគោលដែលផ្តល់ជាទស្សនវិស័យ និងតម្រង់ទិសការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់បម្រើឱ្យគោលបំណងសំខាន់ ចំនួន ៣ រួមមាន ១).គាំទ្រការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ២).ពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលនិងការវិភាជថវិកា និង ៣).ចូលរួមធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងចីរភាពហិរញ្ញវត្ថុសាធារណៈ។ ទន្ទឹមនេះ សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈនេះ ក៏ដើរតួនាទីសំខាន់សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំក្របខ័ណ្ឌថវិការយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ និងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧ ផងដែរ។
សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈនេះ នឹងចូលរួមគាំទ្រអាទិភាពគោលនយោបាយចម្បងៗ ចំនួន ៧ រួមមាន ១).ការការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី ព្រមទាំងការធានាស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ២).ការខិតខំធានាលំនឹងជីវភាពប្រជាជន ៣).ការជំរុញពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍប្រភពថ្មីនៃកំណើន ៤).ការពង្រឹងបរិយាកាសធុរកិច្ចនិងការលើកកម្ពស់វិស័យឯកជន រួមទាំងការបន្តបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥).ការអភិវឌ្ឍមូលធនមនុស្សនិងសង្គម ៦).ការជំរុញបរិវត្តកម្មឌីជីថលនិងការអភិវឌ្ឍបៃតង និង ៧).ការពង្រឹងអភិបាលកិច្ចនិងស្ថាប័ន។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩។
សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩ នេះ មានចំនួន ៣ផ្នែក ដោយផ្នែកទី១ បង្ហាញអំពីសេចក្តីផ្តើម ផ្នែកទី២ បង្ហាញអំពីកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩ និងផ្នែកទី៣ បង្ហាញអំពីសេចក្តីសន្និដ្ឋាន។ សេចក្តីព្រាងនេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីទិន្នន័យនៃគម្រោង វិនិយោគសាធារណៈ ដែលមានអាទិភាពខ្ពស់របស់ក្រសួង ស្ថាប័នសម្រាប់អនុវត្ត ដើម្បីចូលរួមចំណែកសម្រេចបានគោលនយោបាយអាទិភាពនានា ដែលមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងដើម្បីជាធាតុចូលសម្រាប់រៀបចំក្របខ័ណ្ឌ ហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧-២០២៩ ក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ២០២៧-២០២៩ ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧។
ជារួម កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩ បានឆ្លុះបញ្ចាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលរួមគ្នា ដើម្បីធានាថា ធនធានជាតិនិងហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការអភិវឌ្ឍត្រូវបានកៀរគរហើយធ្វើការវិភាជដែលអាចនាំមកនូវផលជះជាអតិបរិមាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងដើម្បីពង្រឹងប្រសិទ្ធភាព សក្តិសិទ្ធិភាព និងតម្លាភាពនៃការគ្រប់គ្រងការវិនិយោគសាធារណៈ។
ទោះបីជាកម្មវិធីវិនិយោគនេះ មិនបានឆ្លើយតបគ្រប់គម្រោងដែលក្រសួង ស្ថាប័នបានស្នើឡើងក៏ដោយ ហើយស្ថិតក្នុងបរិការណ៍នយោបាយនិងសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាខ្ពស់ ព្រមទាំងនិន្នាការការកាត់បន្ថយហិរញ្ញប្បទានពីដៃគូអភិវឌ្ឍក៏ដោយ ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់គម្រោងវិនិយោគអាទិភាពសំខាន់ៗ សម្រាប់ការអនុវត្តគោលនយោបាយអាទិភាពដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឡើយ។ តាមរយៈកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល រាជរដ្ឋាភិបាលធានាបានថា រាល់គម្រោងនៃការវិនិយោគសាធារណៈត្រូវបានបន្ស៊ីគ្នា ផ្អែកលើលទ្ធផល និងឆ្លើយតបទៅនឹងតម្រូវការនិងបំណងប្រាថ្នារបស់ប្រជាជន៕ រក្សាសិទ្ធដោយ៖សុទ្ធលី








