ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្ត lexus RX450h មួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន ខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុ.កកង់បី បើកឆ្លងផ្លូវចំពាក់កណ្ដាលពេញទំហឹង ផ្ទ.ប់អូសទៅមុខជាច្រើនម៉ែត្រ បណ្ដាលឲ្យម្ចាស់កង់បី រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយក ទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែធ្នូឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ៤៣២ កែងនឹងផ្លូវ ១៦៧ ក្នុងសង្កាត់ទួលទំពូងទី ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បានបើកកង់បីឥណ្ឌាមួយគ្រឿង ពណ៌សពាក់ផ្លាកលេខកំពង់ឆ្នាំង 1I-3376 បើកបរតាមបណ្ដោយផ្លូវ១៦៧ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តបង្កម៉ាក lexus RX450h ពណ៌សមួយគ្រឿងទៀតពាក់ផ្លាកលេខ ភ្នំពេញ2AP-3368 បើកបរតាមបណ្ដោយផ្លូវ ៤៣២ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតផ្លូវបំបែកជាបួន ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុ.កកង់បីឥណ្ឌា កំពុងបើកឆ្លងផ្លូវចំពាក់កណ្ដាលពេញទំហឹង អូ.សផ្ទ.ប់ទៅមុខជាច្រើនម៉ែត្រ បណ្ដាលឲ្យម្ចាស់កង់បីរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែករថយន្តបង្កសមត្ថកិច្ចឃាត់ឲ្យនៅកន្លែងកើតហេតុ រងចាំដោះស្រាយជាមួយភាគីខាងម្ចាស់កង់បីរងគ្រោះ។
ក្រោយកើតហេតុដោយភាគីទាំងពីរ ដោះស្រាយអត់ទៅសមត្ថកិច្ចមូលដ្ឋាន ក៏បានទំនាក់ទំនងទៅខាងផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តនិងកង់បី ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត







