ប្រិយមិត្តបានដឹងហើយស្មាត់បាល់ទះលំដាប់ស្រុកខ្មែរ សុវណ្ណនាថ ដែលមានរហ្សនាមថា Super Nemar នឹងត្រូវឃ្លាតឆ្ងាយពីប្រទេសកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នេះហើយ បន្ទាប់ពីធ្លាក់ឈ្មោះអាចមានសិទ្ធិទៅរស់នៅសហរដ្ឋអាមេរិកស្របច្បាប់ ពោលគឺបន្ទាប់ពីលោកយាយរបស់គេ បានធានាអស់រយៈពេល ១២ ឆ្នាំ មក។
បើតាមសុវណ្ណនាថ បានប្រាប់ឲ្យដឹងថា ការចាកចេញទៅរស់នៅក្នុងទីក្រុង Preston រដ្ឋ Connecticut សហរដ្ឋអាមេរិក នាពេលនេះ គឺមិនមែនតែរូបគេម្នាក់ទេ គឺនៅមានឪពុកម្តាយ និងបងប្អូនបង្កើតសរុបទាំងអស់ ៦ នាក់។
ប៉ុន្តែ អ្វីដែលគួរឲ្យស្រណោះខ្លាំងបំផុតនោះ គឺការលាឃ្លាតពីមាតុភូមិកំណើត ទៅផ្ញើខ្លួននៅឯនាយសមុទ្រ ចាប់ពីពេលនេះតទៅរហូត របស់កំពូលជើងខ្លាំងបាល់ទះរូបនេះ គឺបានបន្យល់ទុកនូវក្តីសោកសៅយ៉ាងខ្លាំងបំផុត សម្រាប់ភរិយាជាទីស្រលាញ់របស់គេ ខណៈស្របពេលនាងកំពុងពរពោះជិតគ្រប់ខែទៅហើយ ក៏ត្រូវប្តីឃ្លាតឆ្ងាយ ដោយមិនអាចប្រកែកបានបែបនេះ។
ស្របវេលាខិនជិតមកដល់កាន់តែខ្លី ដែលប្តីនឹងត្រូវចាកចេញពីព្រលានយន្តហោះ នៅល្ងាចថ្ងៃទី១៤ ខែធ្នូ នេះ ភរិយារបស់ សុវណ្ណនាថ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Ti Srey Toch ជានារីដែលតែងរឹងមាំម្នាក់ បានបង្ហោះសារក្នុងអារម្មណ៍ក្តុកក្តួលយ៉ាងដូច្នេះថា៖ «ល្ងាចនេះមិនដឹងបានជួនប្ដីទៅប្រលានអត់ទេ ខ្ញុំអាចនិងរឹងមាំគ្រប់ពេល តែយប់នេះមិនដឹងថាខ្ញុំរឹងមាំបានទេ មនុស្សកំពុងតែពេញស្រលាញ់ សុខៗក៏ដល់ពេលត្រូវបែកគ្នា ឈឺចាប់ណាស់ តែមិនអាចប្រកែកបាន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






















