ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា លទ្ធផលការងារគ្រប់មុខព្រួញ របស់អង្គភាពCMAC ក្នុងរយៈពេល១១ខែមករា-វិច្ឆិកា ឆ្នាំ២០២១នេះ បានទទួល លទ្ធផលប្រកបដោយជោគជ័យ គួរឲ្យកត់សម្គាល់ បើទោះជាស្ថិតក្នុងបរិបទសកល នៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ក៏ដោយ។

បើតាមការចេញផ្សាយព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការ ឯកឧត្តម ហេង រតនា បានមានប្រសាសន៍ថា ក្នុងនោះ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម រំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបទំហំ៩១.៩១៩.៩៧២ម៉ែត្រក្រឡា ស្មើនឹងជាង៩២%នៃផែនការ ដោយរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សរុបចំនួន៨២.១៣៨គ្រាប់ ក្នុងនោះមីនប្រឆាំងមនុស្សចំនួន១៦.១៣៨គ្រាប់ មីនប្រឆាំងរថក្រោះចំនួន៣២៣គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ៣៩គ្រាប់ គ្រាប់បែកចង្កោម៨.០៩០គ្រាប់ មីនច្នៃចំនួន១៧គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៥៧.៥៣១គ្រាប់។

សម្រាប់ផែនការឆ្នាំ២០២២ខាងមុខ អង្គភាពស៊ីម៉ាក់ មានផែនការរំដោះផៃ្ទដី រងការគំ.រាមកំ.ហែងដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមជាង ១២៥គីឡូម៉ែត្រក្រឡា លើផែនការនេះ កម្លាំងអង្គភាពស៊ីម៉ាក់ បានទទួលការគាំទ្រគម្រោង ជំនួយរបស់រដ្ឋាភិបាលជប៉ុន គម្រោងជំនួយតាមរយ:ដេញថ្លៃពី UNDP/អាជ្ញាធរមីន គម្រោងជំនួយរបស់រដ្ឋាភិបាលចិន គម្រោងជំនួយរបស់អង្គការជំនួយប្រជាជនណរ័វេស្ស (NPA ដែលទទួលបានពីរដ្ឋាភិបាលណ័រវេស្សនិងអាមេរិក) គម្រោងជំនួយអង្គការAPOPO របស់រដ្ឋាភិបាលប៊ែលហ្សិក គម្រោងជំនួយរបស់អង្គការJMAS និងគម្រោងជាមួយអង្គការMAG សរុបមានចំនួន២៥គម្រោង និងអាចមានលទ្ធភាពពង្រីកបន្ថែម ដើម្បីសម្រេចមហិ្ឆតាផែនការឆ្នាំ២០២២ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី















