ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ នេះ បានបន្តបើកសវនាការជំនុំជម្រះ លើសំណុំរឿងក្តីព្រហ្មទណ្ឌរបស់ លោក សម រង្ស៊ី និង គូកន ដែលជាអតីតគណបក្សសង្គ្រោះជាតិ សរុបចំនួន ៤២ នាក់ រួមទាំងកញ្ញា សេង ធារី ផងដែរ ជាជនជាប់ចោទ ជាប់ពាក់ព័ន្ធនឹងការរួមគំនិតក្ប.ត់ និង ប៉ុន.ប៉ងផ្តួ.ល ដើម្បី ធ្វើរដ្ឋប្រ.ហារផ្តួលរំ.លំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ផែនការ ៩ វិច្ឆិកា ២០១៩ របស់លោកសម រង្ស៊ី ប្រព្រឹត្ត ចន្លោះពីឆ្នាំ ២០១៨ និង ២០១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សវនាការនេះ ត្រូវបានដឹកនាំដោយ លោកចៅក្រម រស់ ពិសិដ្ឋ ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ និង មានលោកព្រះរាជអាជ្ញារង ចំនួនពីររូប គឺ លោក សេង ហៀង និងលោក សំម ឬទ្ធីវាសនា គឺជាតំណាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមឯកសាររបស់តុលាកា បានឲ្យដឹងថា ជនជាប់ចោទនៅក្នុងសំណុំ រឿងក្តីព្រហ្មទណ្ឌនេះ រួមមានលោកសមរង្ស៊ី, លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ , លោកអេងឆៃអ៊ាង, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល សរុបមានចំនួន
៤២នាក់ រួមទាំងកញ្ញា សេង ធារីផងដែរ។
ពួកគេត្រូវបានជាប់ចោទពីបទ « រួមគំនិតក្ប.ត់ » និង « ញុះ.ញង់ បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម » ។
សម្រាប់សវនាការ នៅព្រឹកថ្ងៃទី១៤ ខែ ធ្នូ ២០២១នេះ, ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានបញ្ចប់ការការសាកសួរដេញដោល ជនជាប់ចោទតែម្នាក់ គឺ ឈ្មោះ ឡេង សេងហុង ភេទ ប្រុស អតីតមន្ត្រីគណនេយ្យករ នៃសហព័ន្ធសហជីពកម្ពុជា មានទីលំនៅ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ។
នាពេលសវនាការ, ឈ្មោះ ឡេង សេងហុង បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់ខាងលើ។
ឈ្មោះ ឡេង សេងហុង បាននិយាយថា ខ្លួនមិនធ្លាប់មានទំនាក់ទំនងនឹងលោក សមរង្ស៊ី ឬ ថ្នាក់ដឹកនាំដទៃទៀត ឬ ជាប់ពាក់ព័ន្ធនឹងផែនការមាតិភូមិនិវត្តន៍ របស់លោកសម រង្ស៊ី នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ឬ ចលនាសង្គ្រោះជាតិស្អីនោះឡើយ។
សាលាដំបូងរាជធានីភ្នំពេញនឹងបន្តសវនាការនេះ នៅព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២១ នេះទៀត៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



