ភ្នំពេញ៖ សហគមន៍ដាំដុះបន្លែ បានចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែសុវត្ថិភាពជាមួយផ្សារ និងភោជនីយដ្ឋានចំនួន១៩ នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង នៅក្នុងឆ្នាំ២០២១នេះ។ ក្នុងចំណោមកិច្ចសន្យាផ្លូវការទាំងអស់ សហគមន៍ បានចុះកិច្ចសន្យាជាមួយផ្សារ និងក្រុមហ៊ុនចំនួន៧ នៅរាជធានីភ្នំពេញ រួមមានក្រុមហ៊ុនរ៉េមិច (REMIC) ចំនួន៣៥តោន ផ្សារអាលីម៉ង់ចំនួន ៥តោន និងផ្សារចំនួនប្រាំផ្សេងទៀត ក្នុងបរិមាណប្រមាណ១០តោន។
ក្រៅពីនេះ សហគមន៍បានចុះកិច្ចសន្យាមិនផ្លូវការជាមួយផ្សារ និងភោជនីយដ្ឋានចំនួន១២ទៀត នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដើម្បីផ្គត់ផ្គង់បន្លែសុវត្ថិភាពប្រមាណ ១០តោនក្នុង១ឆ្នាំ។ បន្ថែមលើសពីនេះ សហគមន៍ ក៏បានទទួលទិញបន្លែសុវត្ថិភាពពីសហគមន៍កសិកម្មចំនួន ១០ នៅខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យផងដែរ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សាររបស់សហគមន៍កសិកម្មទាំងអស់នោះ។
បើតាមលោក ណុប នុន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី បានឱ្យដឹងថា ផលិតកម្មកសិកម្មតាមកិច្ចសន្យារវាងកសិករ ជាមួយវិស័យឯកជន បាននិងកំពុងដើរតួនាទីជាស្ពានចម្លងដ៏សំខាន់ និងបានកំពុងជួយជំរុញកំណើនផលិតកម្មកសិកម្ម តាមរយ:ការធានាបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផលទីផ្សារ និងតម្លៃ។
លោក បន្តថា ដើម្បីទទួលបានស្ថិរភាពតម្លៃ និងស្ថិរភាពទីផ្សារ កសិករត្រូវដាំបន្លែដែលទីផ្សារត្រូវការ និងអនុវត្តបច្ចេកទេសបានត្រឹមត្រូវ សិក្សាពីតម្រូវការទីផ្សារ ស្វែងរកដៃគូអាជីវកម្ម ប៉ាន់ប្រមាណសមត្ថភាពផ្គត់ផ្គង់ឲ្យទីផ្សារ រៀបចំផែនការនៃការដាំដុះ និងប្រមូលផល។
លោកបានបន្ថែមទៀតថា មិនតែប៉ុណ្ណោះ ភាគីប្រមូលទិញក៏នឹងជួយជាបច្ចេកទេសផ្គត់ផ្គង់ធាតុចូលកសិកម្ម ឥណទាន ព័ត៌មាន និងសេចក្តីត្រូវរបស់ទីផ្សារ។ ក្រៅពីដាំបន្លែ សហគមន៍ក៏មានសេវាផ្តល់ឥណទាន ការផ្គត់ផ្គង់ធាតុចូលកសិកម្មទីផ្សារ គឺទិញ និងលក់បន្លែសុវតិ្ថភាព និងផ្តល់សេវាកម្មសាងសង់ផ្ទះសំណាញ់ និងសេវាកម្មផ្សេងៗទៀត។ នេះបើយោងតាមការឲ្យដឹងពី ។
លោក ណុប នុន បានឲ្យដឹងទៀតថា សមាជិកសហគមន៍ទាំងអស់កំពុងដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ជាង ២០មុខ រួមមាន ស្ពៃខៀវ ស្ពៃបូកគោ ស្ពៃក្ដោប ស្ពៃក្រញាញ់ខ្មែរ ស្ពៃហាង ស្ពៃតឿ ស្ពៃក្រញាញ់ផ្អែមម៉ាទ្បេស៊ី ស្ពៃចង្កឹះ ខាត់ណាដើម ខាត់ណាផ្កា ត្រសក់ ត្រឡាច ជីរណា និងប៉េងបោះ។ វាអាចផ្គត់ផ្គង់បន្លែឲ្យទីផ្សារបានរាល់ថ្ងៃសម្រាប់រយៈពេលពេញ ១ឆ្នាំ នូវបន្លែចំនួន ៨ មុខ គឺស្ពៃក្តោប ខាត់ណាផ្កា ខាត់ណាដើម ស្ពៃហាង ស្ពៃ ក្រញាញ់ ស្ពៃ ក្រញាញ់ផ្អែមម៉ាទ្បេស៊ី ស្ពៃតឿ និងស្ពៃចង្កឹះ ក្នុងបរិមាណចន្លោះពី ១-២តោន ទៅ កាន់ទីផ្សារក្នុងខេត្ត និងរាជធានីភ្នំពេញចំនួន១០ ហើយទទួលបានប្រាក់ចំណូលជាមធ្យមប្រមាណ ១ ៥០០ ០០០រៀល/ថ្ងៃ។
គួរបញ្ជាក់ថា សហគមន៍មានផែនការដាំបន្លែចំនួន ៣មុខបន្ថែមទៀតដើម្បីផ្គត់ផ្គង់ទីផ្សារគឺប៉េងបោះ ឆេរីក្រហម និងលឿង ប៉េងបោះហាវៃ និងម្ទេសហាវៃក្រហម និងលឿងផងដែរ ដោយសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីធ្វើការពិសោធន៍ស្រាវជ្រាវ៕