ភ្នំពេញ ៖ យោងតាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា អំពាវនាវឲ្យម្ចាស់រថយន្តគ្មានពន្ធ, រថយន្តជ្រកក្រោមស្លាកកលេខរដ្ឋ ស្លាកលេខផ្សេងៗ សូមរួសរាល់ចូលទៅបង់ពន្ធឲ្យបានទាន់ពេលវេលានោះ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញនូវក្តីរំពឹងថា ម្ចាស់រថយន្តដែលគ្មានពន្ធ នឹងរួសរាន់ទៅបង់ពន្ធកាន់តែច្រើន ដើម្បីតោងទាមយកភាពត្រឹមត្រូវនៃការប្រើប្រាស់រថយន្ត និងចៀសផុតពីការបង្ក្រាប។

ឯកឧត្តម គុណ ញឹម ប្រកាសពីក្ដីសង្ឃឹមបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពី សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានជំរុញឲ្យម្ចាស់រថយន្ដ ដែលប្រើប្រាស់គ្រប់រថយន្ដដែលគ្មានពន្ធ ប្រញាប់ទៅបង់ពន្ធ ដើម្បីមានកិត្តិយស មិនត្រូវបានបង្ក្រាបនៅពេលដែលសមត្ថកិច្ចចម្រុះចុះធ្វើការនៅដើមឆ្នាំ ២០២២នេះ។
គួរបញ្ជាក់ថា ក្នុងពេលអញ្ជើញជាអធិបតីសម្ពោធសណ្ឋាគារ ហាយ៉ាត់ លំដាប់ផ្កាយ៥ កណ្ដាលរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន ប្រកាសប្រាប់ទៀតថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅនេះ កាតព្វកិច្ចពន្ធអារករ លែងមានការអនុគ្រោះទៀតហើយ ដោយត្រូវបង់ពន្ធពេញ ១០០ភាគរយ។

ឯកឧត្តម បណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា នេះជាសារមួយមានសារៈសំខាន់ ហើយរំពឹងថា យោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើឲ្យម្ចាស់រថយន្ដគ្មានពន្ធ ពិតជារួសរាន់ចូលខ្លួនទៅបង់ពន្ធ។ ដោយឡែកសម្រាប់ម្ចាស់រថយន្ដចង្កូតឆ្វេង ដែលគេចពន្ធកន្លងមក ហើយបានរួសរាន់ទៅបង់ពន្ធឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នឹងនៅតែទទួលបានការលើកលែងពន្ធ១០ភាគរយ។
ឯកឧត្តម បណ្ឌិត គុណ ញឹម បញ្ជាក់ថា សកម្មភាពបង្ក្រាបរថយន្ដគ្មានពន្ធក្នុងប្រទេស បានផ្អាកមួយរយៈ ដើម្បីទុកពេល និងឱកាសឲ្យម្ចាស់រថយន្ដ រៀបចំរថយន្ដរបស់ខ្លួនចូលទៅបង់ពន្ធ គឺមានរយៈពេល ៤ខែ មកហើយ ដែលនេះជាពេលវេលាដ៏សមរម្យមួយរួចទៅហើយ, ប៉ុន្ដែចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ អគ្គនាយកដ្ឋានគយ នឹងចាប់ផ្ដើមសកម្មភាព បង្រ្កាបរថយន្ដគ្មានពន្ធឡើងវិញ, ដូច្នេះ នៅពេលបង្រ្កាបបាន មិនត្រឹមតែ មិនទទួលបានការអនុគ្រោះពន្ធនោះទេ តែតម្រូវឲ្យបង់ពន្ធអាករ និងធ្វើការផាកពិន័យថែមទៀត គឺអនុវត្តតឹងរ៉ឹងទាំងរថយន្តចង្កូតស្ដាំ និងចង្កូតឆ្វេង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








