កីឡាករបាល់ទះលំដាប់ជួរមុខ នៅស្រុកខ្មែរ វេ៉ត សុវណ្ណនាថ ពេលនេះ បានមកទៅដល់សហរដ្ឋអាមេរិក ដោយសុវត្ថិភាពហើយ បន្ទាប់ពីបានចេកចេញដំណើរពីកម្ពុជា រួមជាមួយឪពុកម្តយ និងបងប្អូនបង្កើតរបស់គេសរុបចំនួន ៦ នាក់ កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការចូលរួមជូនដំណើរពីបងប្អូនសាច់ញាតិ ភរិយាជាទីស្រលាញ់ និងក៏ដូចមិត្តរួមអាជីពបាល់ទះជាច្រើននាក់។
តែទោះយ៉ាងណា ការចាកចេញពីមាតុភូមិកំណើត របស់ស្មាត់បាល់ដ៏ល្អនេះ ឃើញថា ស្ថិតក្នុងទិដ្ឋភាពមួយដ៏រភើបផង និងក៏រំជួលចិត្តយ៉ាងខ្លាំងផង ពីសំណាក់បងប្អូនសាច់ញាតិ មិត្តភក្តិរួមអាជីពរាប់ឆ្នាំ និងអ្នកគាំទ្រ ដែលចូលចិត្តតាមដានរាល់ការប្រកួតរបស់គេ ហើយក្នុងនោះ ជាពិសេស ភរិយាជាទីស្រឡាញ់របស់គេតែម្តង ដែលមានឈ្មោះថា ស្រីទួច គឺនាងកាត់ចិត្តសឹងតែពុំបាន ព្រោះតែការចាកចេញរបស់ប្តីលឿនពេក ខណៈពួកគេទើបរៀបការបានជាង១ឆ្នាំ ប៉ុណ្ណោះ ហើយពេលនេះក៏ជិតដល់ពេលសម្រាលកូនទៀត។
ដោយឡែក នៅពេល សុវណ្ណនាថ ទៅដល់អាមេរិក ហើយក៏មានបងប្អូនជាច្រើន សួរថា ហេតុអីចិត្តដាច់ទៅចោលប្រពន្ធ? នោះនៅអំឡុងពេលហូបបាយជុំគ្នាវេលាម៉ោងប្រហែល១០យប់ សុវណ្ណនាថ ក៏បានប្រាប់ថា ខ្លួនពិតជានឹកប្រពន្ធខ្លាំងណាស់ និងក៏បានបញ្ជាក់ថា មិនយូរទេ នឹងអាចធានាមកបានហើយ។ បន្ថែមលើសំនួរនេះ ពូបង្កើតម្នាក់របស់ សុវណ្ណនាថ ក៏បានជម្រាបថា បើតាមគាត់លឺ នោះច្បាប់សិទ្ធិជ្រកកោននៅអាមេរិកពេលនេះបានបន្ធូរបន្ថយច្រើន នោះបានន័យថា ប្រសិន សុវណ្ណនាថ ទទួលបានលក្ខណៈដូចអត្តសណ្ណាញបណ្ណពលរដ្ឋរស់នៅស្របច្បាប់ (តែអត់ទាន់ចូលសញ្ជាតិ) នោះរូបគេប្រហែលនឹងអាចធានាប្រពន្ធកូនមកបាន។
ពូរូបនោះ ក៏បានឲ្យដឹងផងដែរថា សុវណ្ណនាថ ក៏អាចទៅលេងប្រពន្ធកូន ក្នុង១ឆ្នាំ ២ ទៅ ៣ ដង ឬ ១០ដង បានស្រេចចិត្ត គឺវាអាស្រ័យទៅលើលុយកាក់ និងទៅតាមពេលវាច្បាប់កន្លែងការងាររបស់គាត់អនុញ្ញាត ទម្រាំគាត់អាចមានសិទ្ធិធានា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
























