ខេត្តកោះកុង ៖ ខេត្តកោះកុង នឹងមានកំពង់ផែទឹកជ្រៅ នាពេលខាងមុខ បើតាមលោកអភិបាលរង ខេត្តកោះកុង គម្រោងអភិវឌ្ឍន៍ កំពង់ផែសមុទ្រទឹកជ្រៅនេះ ធ្វើឡើងក្រោមការវិនិយោគទុនដ៏ធំមួយ, អភិបាលរងខេត្តកោះកុង បានបើកកិច្ចប្រជុំមួយ ដោយសិក្សាអំពីផលប៉ះពាល់បរិស្ថាន និងសង្គម ពាក់ព័ន្ធនឹងគម្រោងសាងសង់ ជាកំពង់ផែទឹកជ្រៅមួយ នៅស្រុកគិរីសាគរ។ គម្រោងនេះ គឺអ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នកដាក់ទុនវិនិយោគ លើផ្ទៃដីសរុបប្រមាណ ៤៩២,៦៤ហិកតា ស្ថិតក្នុងភូមិព្រែកខ្សាច់ និងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ អាចនឹងក្លាយជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មសំបូរបែបមួយ ក្នុងខេត្តកោះកុង តាមរយៈគម្រោងការស្ថាបនា ជាកំពង់ផែទឹកជ្រៅខ្នាតធំមួយ បម្រើដល់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម លើការដឹកជញ្ចូនទំនិញតាមផ្លូវទឹក។

បើតាមរដ្ឋបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ អំពីការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (តាមប្រព័ន្ធអនឡាញ) សម្រាប់គម្រោងបង្កើតកំពង់ផែ របស់ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូ អិលធីឌី (Koh Kong SEZ Co,ltd.) រួមមាន អគាររដ្ឋបាល អគារឃ្លាំង អគាររោងជាង និងកំពង់ផែទឹកជ្រៅ ជាដើម លើផ្ទៃដីចំនួន ៤៩២,៦៤ ហិកតា ស្ថិតក្នុងភូមិព្រែកខ្សាច់ និងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។
លោកអភិបាលរងខេត្ត បានបង្ហាញការស្វាគមន៍ និងគាំទ្របំផុត ចំពោះគម្រោងរបស់ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូ អិលធីឌី ដែលបានជ្រើសរើសមូលដ្ឋានខេត្តកោះកុង សម្រាប់ការវិនិយោគកំពង់ផែទឹកជ្រៅនេះ ដែលនឹងជួយជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់ខេត្ត និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចប្រទេសជាតិ ។

ទន្ទឹមនេះផងដែរ លោកក៏បានលើកឡើងនូ វចំណុចមួយចំនួន ជាការចាប់អារម្មណ៍ និងសំណូមពរដល់ក្រុមហ៊ុន ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យដូចខាងក្រោម ៖
១- កាត់បន្ថយអតិបរមានូវផលប៉ះពាល់ដល់ធនធានជីវចម្រុះ និងបរិស្ថាននៅក្នុងតំបន់អនុវត្តន៍គម្រោង តាមរយៈវិធានការចាំបាច់ដែលមានស្រាប់ និងស្នើសុំឱ្យបង្កើតគម្រោងអភិវឌ្ឍន៍មូលដ្ឋានគាំទ្រសំដៅធានាដល់ធនធានជីវចម្រុះ និងបរិស្ថានមានស្ថិរភាព ជាពិសេស ផ្កាថ្ម
២- លើកទឹកចិត្តឱ្យជ្រើសរើសកម្លាំងពលកម្មមូលដ្ឋានជាអាទិភាព និងបង្កឱ្យមានលក្ខណៈអភិវឌ្ឍន៍សមត្ថភាព និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនប្រជាពលរដ្ឋ ដើម្បីបង្កើនជីវភាព និងប្រាក់ចំណូលឱ្យកាន់តែល្អប្រសើរ
៣- ជួយរក្សាការពារច្រាំង និងឆ្នេរខ្សាច់ តាមរយៈការដាំដើមកោងកាង រក្សាទុកស្មៅសមុទ្រ និងរុក្ខជាតិដែលមានដុះស្រាប់នៅតាមតំបន់ឆ្នេរ ឬវិធីសាស្ត្រផ្សេងៗទៀត
៤- យកចិត្តទុកដាក់ខ្ពស់អំពីការគ្រប់គ្រងសំណល់ចេញពីកប៉ាល់នានា ដូចជា ប្រេងម៉ាស៊ីន ជាដើម ព្រមទាំងសំណល់រឹង-រាវ នៅក្នុងតំបន់អនុវត្តន៍គម្រោង
៥- សំណង់អគារ និងសំណង់កំពង់ផែត្រូវគោរពតាមស្តង់ដាបច្ចេកទេស និងបទដ្ឋាននានារបស់រាជរដ្ឋាភិបាល
៦- សហការជិតស្និទ្ទជាមួយរដ្ឋបាលខេត្ត និងរដ្ឋបាលមូលដ្ឋាន ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





