Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសកម្ពុជា ៖ ជប៉ុនគឺជាតួអង្គដ៏សំខាន់មួយ ក្នុងការធ្វើទំនើបកម្ម និងធ្វើពិពិធកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា ប្រទេសជប៉ុនគឺជាតួអង្គដ៏សំខាន់មួយក្នុងការធ្វើទំនើបកម្ម និងធ្វើពិពិធកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ តាមរយៈឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងកិច្ចសហប្រតិបត្តិការបច្ចេកទេសផ្សេងៗ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបានជួយរួមចំណែកយ៉ាងសំខាន់ ដល់ការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្ដម មិកាមិម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជ ទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ១.៥០០ លានយ៉េន (ប្រមាណ ១៣,៩ លានដុល្លារអាមេរិក) ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម សម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត (Mobile Harbor Crane)នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ពិធីហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវសេចក្តីសោមន្សរីករាយក្នុងការចុះហត្ថលេខាជាមួយ ឯកឧត្ដមឯកអគ្គរាជទូតជប៉ុន ព្រមទាំងបានបញ្ជាក់ថា ការចុះហត្ថលេខានៅក្នុងថ្ងៃនេះគឺជាលើកទី៤ហើយនៅក្នុងឆ្នាំនេះ ដែលរូប ឯកឧត្តម ផ្ទាល់ និង ឯកឧត្ដមឯកអគ្គរាជទូត បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបានជួយរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញផងដែរអំពីការផ្តល់ឥណទានសម្បទានរបស់ជប៉ុនដល់ការអភិវឌ្ឍគម្រោងសាងសង់ស្ថានីយ៍កុងតឺណឺរ ដំណាក់កាលទី១ ដែលរំពឹងថានឹងអាចធ្វើប្រតិបត្តិការបាន នៅឆ្នាំ២០២៥ ខាងមុខនេះ។

ជាងនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ជាងពីរទសវត្សរ៍មកហើយដែលជំនួយអភិវឌ្ឍរបស់ជប៉ុន បានរួមចំណែកយ៉ាងសំខាន់ដល់ការផ្លាស់ប្តូរកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែសមុទ្រអន្តរជាតិដែលមានគុណភាពខ្ពស់ និងបានជួយសម្រួលយ៉ាងច្រើនដល់សកម្មភាពនាំចេញ-នាំចូលទំនិញ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនជាថ្មីនៅថ្ងៃនេះ គឺបានរួមចំណែកយ៉ាងសំខាន់បន្ថែមទៀតដល់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព និងប្រសិទ្ធភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការប្រតិបត្តិការការងារ ស្របពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយវិបត្តិនៃជំងឺ រាតត្បាតកូវីដ-១៩។

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែបន្តជួយដល់ការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា។ ឯកឧត្តម ក៏បានថ្លែងអំណរគុណជាពិសេសចំពោះ ឯកឧត្តម ឯកអគ្គរាជទូត បុគ្គលិកស្ថានទូត និងអង្គការចៃការ (JICA) ជប៉ុន ដែលបានខិតខំប្រឹងប្រែងក្នុងការបន្តផ្តល់កិច្ច សហប្រតិបត្តិការ និងជំនួយមកដល់កម្ពុជា ជាពិសេសនៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ដែលនេះគឺជាកាយវិការមួយឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដអំពីមិត្តយូរអង្វែងរវាងប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×