ភ្នំពេញ ៖ ភាគីទាំងពីរ (កម្ពុជា និងអាមេរិក ) បានពិភាក្សាលើវឌ្ឍនភាពសម្រេចបាននៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី និងសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២១-២០២៥ រវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលគ្រោងនឹងបញ្ចប់ការចរចា និងត្រៀមចុះហត្ថលេខា ក្នុងអំឡុងត្រីមាសទី ១ ឆ្នាំ២០២២ ខាងមុខ ។ តាមរយះកិច្ចព្រមព្រៀមនេះ ហិរញ្ញប្បទានឥតសំណងប្រមាណ ៣០០ លានដុល្លារអាមេរិក នឹងគ្រោងផ្តល់ដោយរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក សម្រាប់គាំទ្រដល់វិស័យ សុខាភិបាល, អប់រំ, កសិកម្ម និងបរិស្ថាន សម្រាប់រយៈពេល ៥ ឆ្នាំ ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Patrick W. Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
គោលបំណងចម្បងនៃជំនួបនេះគឺ ដើម្បីសម្តែងការគួរសម និងធ្វើការណែនាំសមាសភាពប្រធានបេសកកម្មថ្មីនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បី កិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID) ព្រមទាំងពិភាក្សាលើអាទិភាពការងារនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេ្វភាគី ក៏ដូចជាផ្លាស់ប្តូរយោបល់លើប្រធានបទពាក់ព័ន្ធផ្សេងទៀត។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ឈៀង យ៉ាណារ៉ា បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ព្រមទាំងបានអបអរសាទរចំពោះលោកស្រី Nancy J. Eslick ដែលទើបត្រូវបានតែងតាំងដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាប្រធានបេសកកម្មថ្មីនៃទីភ្នាក់ងារ USAID ប្រចាំកម្ពុជា ។ ទន្ទឹមនឹងនេះ ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះ រដ្ឋាភិបាល និងប្រជាជនអាមេរិកដែលបានផ្តល់ និងបន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ វិស័យសុខាភិបាល, អប់រំ, កសិកម្ម, បរិស្ថាន និងអភិបាលកិច្ច និងអន្តរវិស័យ ជាពិសេសការផ្តល់ហិរញ្ញប្បទាន ឥតសំណងប្រមាណ ១៥ លានដុល្លារអាមេរិក និងវ៉ាក់សាំងកូវីដ-១៩(Johnson & Johnson) ចំនួនប្រមាណ ១,០៦ លានដួស ដល់កម្ពុជាសម្រាប់គាំទ្រដល់វិធានការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងវិធានការងារសង្គម សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមឯកអគ្គរដ្ឋទូត Patrick W. Murphy បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងវឌ្ឍនភាពសម្រេចបាន ក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា ពិសេសការគ្រប់គ្រងបានល្អប្រសើរនៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ នៅកម្ពុជា និងការសម្រេចតាមផែនការក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជានិងជនបរទេសដែលកំពុងរស់នៅ និងធ្វើការងារក្នុងប្រទេសកម្ពុជា ។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានណែនាំលោកស្រី Nancy J. Eslick ប្រធានបេសកកម្មថ្មីនៃទីភ្នាក់ងារ USAID ដែលត្រូវបំពេញបេសកកម្ម នៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានបន្តផ្តល់ កិច្ចសហការ និងភាពជាដៃតួយ៉ាងល្អប្រសើរជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈស្ថានទូតសហរដ្ឋអាមេរិក, ទីភ្នាក់ងារ USAID និងទីភ្នាក់ងារផ្សេងទៀតរបស់សហរដ្ឋអាមេរិក ។ លោកស្រី Nancy J, Eslick បានសម្តែង នូវសេចក្តីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងឱ្យមកបំពេញបេសកកម្មនៅកម្ពុជា និងបានប្ដេជ្ញាបន្តពង្រឹង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។
ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើវឌ្ឍនភាពសម្រេចបាននៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ទ្វេភាគី និងសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២១-២០២៥ រវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលគ្រោងនឹងបញ្ចប់ការចរចា និងត្រៀមចុះហត្ថលេខា ក្នុងអំឡុងត្រីមាសទី ១ ឆ្នាំ២០២២ ខាងមុខ ។ តាមរយះកិច្ចព្រមព្រៀមនេះ ហិរញ្ញប្បទានឥតសំណងប្រមាណ ៣០០ លានដុល្លារអាមេរិក នឹងគ្រោងផ្តល់ដោយរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក សម្រាប់គាំទ្រដល់វិស័យ សុខាភិបាល, អប់រំ, កសិកម្ម និងបរិស្ថាន សម្រាប់រយៈពេល ៥ ឆ្នាំ ។ បន្ថែមលើនេះ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់លើប្រធានបទពាក់ព័ន្ធមួយចំនួន រួមមាន ផលប៉ះពាល់នៃជំងឺកូវី-១៩, ការជំរុញវិស័យ ពាណិជ្ជកម្ម និងការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ, បរិស្ថានកសិកម្ម, សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការធ្វើជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ។
មុននឹងបញ្ចប់ជំនួបនេះ ភាគីទាំងពីរ បានបង្ហាញជំហរយ៉ាងមុតមាំក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការ និងភាពជាដៃគូ ក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជាប្រកបដោយចីរភាព និងបរិយាប័ន្ន ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ គ.ជ. នា/ ក. អ.ក បាន ថ្លែងអំណរគុណ និងជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត Patrick W. Murphy និងលោកស្រី Nancy J. Eslick ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មរបស់ខ្លួននៅកម្ពុជា ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






