ភ្នំពេញ ៖ ដើម្បីការពារឱ្យបាននូវភាពល្អប្រសើរដាច់ខាតចំពោះបឹងទន្លេសាប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្តេជ្ញាយ៉ាងប្ដូរផ្ដាច់ អនុវត្តនូវវិធានការចាំបាច់មួយចំនួន ដូចជា បន្តចាត់វិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ចំពោះការលួចបំផ្លាញព្រៃលិចទឹកយ៉ាងអាណាធិបតេយ្យនៅតំបន់ស្នូលផ្ទៃបឹងទន្លេសាប, ការវាទទីទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ព្រមទាំងដកហូតយកមកប្រគល់ជូនរដ្ឋវិញនូវដែនដីព្រៃលិចទឹកទាំងឡាយ ដែលកាន់កាប់ដោយខុសច្បាប់នៅតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប និងផ្ដន្ទាទោសជនទន្ទ្រានរុករានតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់។

ការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១, ដោយសម្តេចតេជោ ហ៊ុន សែន លើកឡើងថា សូមកោតសរសើរនូវកិច្ចខិតខំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការ សុរិយោដីថ្នាក់ជាតិ , ក្រសួងមហាផ្ទៃ , ក្រសួងធនធានទឹក និងឧតុនិយម , ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ក្រសួងបរិស្ថាន និងផ្នែកអធិការកិច្ចនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អាជ្ញាធរទន្លេសាប ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលបានចុះដោះស្រាយបញ្ហាកាប់ទន្ទ្រានដែនដីព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ បានចេញបទបញ្ជាបន្ទាន់មួយឱ្យចុះសិក្សាស្រាវជ្រាវ និងដកហូតត្រឡប់មកវិញនូវដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។

បទបញ្ជាបន្ទាន់ ការពារតំបន់ជុំវិញបឹងទន្លេសាបនេះ សម្ដេចតេជោ ហ៊ុន សែន តម្រូវឲ្យចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់ និងគ្មានការលើកលែងឡើយ ចំពោះជនទន្ទ្រានយកដីព្រៃលិចទឹកទាំងនោះ។ ក្រោយពីក្រុមការងារពិសេសចេញប្រតិបត្តិការស្រាវជ្រាវទៅលើបទល្មើសដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ក៏បានរកឃើញក្រុមជនដែលបានទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក មានទាំងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ឈ្មួញ និងប្រជាពលរដ្ឋធម្មតា, ហើយមនុស្សមួយចំមួនដែលពាក់ព័ន្ធនឹងការរំលោភបំពានលើព្រៃលិចទឹកនៃដែនដីបឹងទន្លេសាប ត្រូវបានចាត់ការតាមផ្លូវច្បាប់ និងរឹបអូសយកដីព្រៃលិចទឹកទាំងនោះប្រគល់ជូនរដ្ឋវិញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













