Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ដាក់ចំណាត់ការឱ្យអភិវឌ្ឍផ្លូវដែក ទៅជាផ្លូវដែកល្បឿនលឿន និងពង្រីកការតភ្ជាប់ទៅកាន់ខេត្តមានសក្តានុពល

spot_img

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចំណាត់ការដល់ក្រុមមន្ត្រី ជាពិសេស ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យពិនិត្យលទ្ធភាពធ្វើការអភិវឌ្ឍផ្លូវដែកដែលមានស្រាប់ ឲ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន និងពង្រីកការតភ្ជាប់ផ្លូវដែក ទៅកាន់ខេត្តដែលមានសក្តានុពលផ្សេងៗទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូន ពង្រីកចំណូលសេដ្ឋកិច្ច។

ចំណាត់ការរបស់ សម្តេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ, ដោយ សម្ដេចតេជោ លើកឡើងថា ផ្លូវដែកដែលគ្រោងបង្កើតថ្មី គឺត្រូវធ្វើឡើងភ្ជាប់ពីផ្លូវដែកដែលមានស្រាប់នៅក្រុងប៉ោយប៉ែត ទៅកាន់ខេត្តសៀមរាប ឆ្ពោះមកកាន់ខេត្តកំពង់ធំ និងមករាជធានីភ្នំពេញ។ ជាមួយគ្នានេះ ទៀត ក៏មានការតភ្ជាប់ពីផ្លូវដែកពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ព្រំដែនកម្ពុជា-វៀតណាម ផងដែរ។

គួរបញ្ជាក់ថា ផ្លូវដែករបស់កម្ពុជា មាន ២ខ្សែ ដែលខ្សែទី១ ផ្នែកខាងត្បូង រថភ្លើងរត់ពីភ្នំពេញទៅខេត្តព្រះសីហនុ មានប្រវែង២៦៦គីឡូម៉ែត្រ, និង ខ្សែទី២ ផ្នែកខាងជើង រថភ្លើងរត់ពីភ្នំពេញទៅក្រុងប៉ោយប៉ែត មានប្រវែង៣៨៦គីឡូម៉ែត្រ។

គួររំលឹកផងដែរថា កាលពីប៉ុន្មានខែមុននេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ បានប្រកាសឲ្យដឹងថា ក្រសួងបាននិងកំពុងព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្លូវដែក ដើម្បីកែសម្រួលការដឹកជញ្ជូនតាមរថភ្លើងឲ្យមានលក្ខណៈសេដ្ឋកិច្ច និងធ្វើឲ្យវាកាន់តែមានប្រសិទ្ធភាពក្នុងការដឹកជញ្ជូនអ្នកដំណើរ ទំនិញផ្សេងៗ និងអ្នកទេសចរ។

លោកទេសរដ្ឋមន្ត្រី លើកឡើងថា យុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា គឺស្របតាមនិន្នាការកើនឡើងនៃកំណើននៃការដឹកជញ្ជូន, បរិមាណនៃការដឹកជញ្ជូនតាមផ្លូវដែក បានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយលោកចង់ឃើញការដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជាមានការពង្រីក និងរួមចំណែកកាត់បន្ថយការចង្អៀតណែនណាន់លើផ្លូវថ្នល់, ការខូចខាតផ្លូវថ្នល់ និងគ្រោះថ្នាក់ចរាចរណ៍៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×