Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការកងទ័ពជើងគោក ជួបប្រជុំពិភាក្សាការងារ ជាមួយលេខាធិការ ក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី

spot_img

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ីមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

ក្នុងជំនួបនេះ ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ច ដ៏កក់ក្តៅរបស់គណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ីនាពេលនេះ ស្របពេលដែលទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសវិស័យយោធា កំពុងត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ក្នុងស្មារតីភាពមិត្តភាពជាប្រពៃណី ព្រមជាមួយនឹងការគោរពជឿទុកចិត្តគ្នា និងជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តម ក៏បានសម្តែងការសោកស្តាយផងដែរចំពោះការអាក់ខាននៃសកម្មភាពសហប្រតិបត្តិការក្នុងរយៈកាល ០២ ឆ្នាំកន្លងមកនេះ ដោយសារបញ្ហាជំងឺកូវីដ-១៩ ដោយសង្ឃឹមថា ចាប់ពីពេលនេះតទៅ អ្វីៗនឹងអាចមានសន្ទុះដំណើរការឡើងវិញស្របតាមទិសដៅផែនការដែលបានដាក់ចេញ។

ឯកឧត្តម Nikolai Patrushev បានសម្តែងការពេញចិត្តចំពោះសក្តានុពលជាវិជ្ជមាន នៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការផ្នែកយោធា រវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ថា កម្ពុជាជាដៃគូប្រកបដោយទំនុកចិត្តទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនរបស់សហព័ន្ធរុស្ស៊ីក្នុងការជំរុញ ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រឆាំងភេរវកម្ម, សន្តិសុខព័ត៌មានអន្តរជាតិ និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ Oleg Salyukov អគ្គមេបញ្ជាការកងទ័ពជើងគោករុស្ស៊ី និងជាសមាជិកគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់លើការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងបានបញ្ជាក់អំពីការត្រៀម ខ្លួនជានិច្ចក្នុងការអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការនានា ជាពិសេសការជួយដល់កងទ័ពជើងគោកកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សលើមុខជំនាញផ្សេងៗ។

គួរបញ្ជាក់ថា នេះជាជំនួបលើកទី២ រវាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមួយនឹងឯកឧត្តម Nikolai Patrushev និង ឯកឧត្តម នាយឧត្តមសេនីយ៍ Oleg Salyukov បន្ទាប់ពីជំនួបលើកទី១ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តម ហ៊ុន ម៉ាណែត នៅរដ្ឋធានីម៉ូស្គូ ក្នុងឆ្នាំ២០១៩ កន្លងទៅ។ នៅឆ្នាំ២០២២ ខាងមុខនេះ មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរ ក៏គ្រោងនឹងជួបគ្នាម្តងទៀត ដើម្បីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-រុស្ស៊ី ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញសន្ទុះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×