Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតឡាវចប់អាណត្តិ ៖ រយៈពេលជាង ៣ឆ្នាំមកនេះ ឯកឧត្តមបានឃើញកម្ពុជា មានការអភិវឌ្ឍជាលំដាប់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីបានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីការបរទេសថៃរួចហើយ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម អ៊ឹមផាយ គីនដាវង្ស (Amphay Kindavong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណះដែលឯកឧត្តមត្រូវចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម គីនដាវង្ស បានគោរពជម្រាបជូនសម្តេចតេជោថា ឯកឧត្តម បានមកបំពេញបេសកកម្ម នៅកម្ពុជាជាង៣ឆ្នាំមកហើយ ហើយក្នុងរយៈពេលជាង៣ឆ្នាំនេះ ឯកឧត្តមសូមគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ជូនចំពោះថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាផងដែរ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ធ្វើឲ្យឯកឧត្តមបានបំពេញបេសកកម្មកាទូតនៅកម្ពុជា ទទួលបានជោគជ័យ។

ឯកឧត្តម គីនដាវង្ស ក៏បានគោរពជម្រាបជូនសម្ដេចតេជោ បន្ថែមថា រយៈពេលជាង ៣ឆ្នាំមកនេះ ឯកឧត្តមបានឃើញកម្ពុជា មានការអភិវឌ្ឍជាលំដាប់ ក្នុងន័យនេះ ឯកឧត្តម សូមគោរពសម្ដែងនូវការអបអរសាទរជូនចំពោះប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាជាពិសេស សម្តេចតេជោ ដែលបានដឹកនាំកម្ពុជា ឈានឆ្ពោះទៅកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះដែរ ឯកឧត្តម គីនដាវង្ស ក៏បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោផងដែរ ដែលបានផ្ដល់ជាជំនួយដល់ប្រជាជន និងរដ្ឋាភិបាលឡាវ ជាវ៉ាក់សាំង ជារថយន្ត និងជាថវិកា រួមទាំងគ្រឿងបរិក្ខាផងដែរនាពេលកន្លងមកនេះ ។

ឯកឧត្តមមានប្រសាសន៍ថា ប្រជាជនឡាវ រដ្ឋាភិបាលឡាវ ពិតជាមានសេចក្ដីរីករាយ និងដឹងគុណជាអនេកប្បការផងដែរ។ ឯកឧត្តម គីនដាវង្ស ក៏បានគោរពថ្លែងអំណរគុណសម្ដេចតេជោជាថ្មី ហើយបានសំដែងការអបអរសាទរ ចំពោះចំណុចជោគជ័យដែលទទួលបានយ៉ាងត្រចះត្រចង់ ពីកិច្ចប្រជុំអាស៊ានកន្លងមក និងជូនពរសម្ដេចតេជោ ឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ថែមទៀត ក្នុងការដឹកនាំធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ខាងមុខ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម គីនដាវង្ស នូវពាក្យពេចន៍ដ៏ល្អ ហើយបានជម្រាបជូនឯកឧត្តមថា សម្ដេចសូមវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ ឯកឧត្តម គីនដាវង្ស នៅព្រះរាជាណាចក្រកម្ពុជា ដែលឯកឧត្តមបានធ្វើការយ៉ាងច្រើន ជាពិសេសចូលរួមចំណែក ក្នុងការពង្រីកពង្រឹង ចំណងមិត្តភាពរវាងប្រទេសទាំងពីរ, ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ហើយចំពោះជំនួយដែលកម្ពុជា បានជូនដល់ប្រជាជន និងរដ្ឋាភិបាលឡាវនោះ សម្ដេចបានមានប្រសាសន៍ថា នេះគឺជាជំនួយជួយដល់បងប្អូន នៅពេលដែលបងប្អូនកំពុងតែមានសេចក្ដីត្រូវការ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានជូនពរដល់ឯកឧត្តម គីនដាវង្ស សូមទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងបេសកកម្មរបស់ឯកឧត្តម៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×