Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដីព្រៃលិចទឹក ជាង៤ម៉ឺនហិកតា ដែលត្រូវបានទន្ទ្រាន នៅជុំវិញបឹងទន្លេសាប ត្រូវបានដកហូត

ភ្នំពេញ ៖ បើតាមរបាយការណ៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានឲ្យដឹងថា ដីព្រៃលិចទឹកដែលត្រូវបានទន្ទ្រាន នៅខេត្តចំនួន៦ ជុំវិញបឹងទន្លេសាបសរុបជាង ៤ម៉ឺនហិកតា ត្រូវបានរាជរដ្ឋាភិបាលដកហូតត្រឡប់មកវិញ ។

របាយការណ៍បានឲ្យដឹងថា ក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រយៈពេលជិត៣សប្តាហ៍មកនេះ មានប្រជាពលរដ្ឋចំនួន ៩៤៩៤គ្រួសារ នៅក្នុងខេត្តចំនួន៦ បានប្រគល់ដីព្រៃលិចទឹកដែលខ្លួនបានទន្ទ្រាននៅជុំវិញបឹងទន្លេសាប ចំនួន ៤០,៤០៩.៨៨ហិកតា ជូនដល់រាជរដ្ឋាភិបាលវិញ ទឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។

ប្រជាពលរដ្ឋខេត្តចំនួន ៦ដែលប្រគល់ដីដែលខ្លួនបានទន្ទ្រាននេះ រួមមាន ១)ខេត្តកំពង់ឆ្នាំង មានប្រជាពលរដ្ឋ ៦០៧៦គ្រួសារ ប្រគល់ដី ២៥,៥៨០.១៦ហិកតា។ ២) ខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋ ៣៧គ្រួសារ ប្រគល់ដី ១០២.៤០ហិកតា។ ៣)ខេត្តបាត់ដំបង មានប្រជាពលរដ្ឋ ៥០៩គ្រួសារ ប្រគល់ដី ៣០៧៤.៦០ហិកតា។ ៤) ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋ ៦៤៦គ្រួសារ ប្រគល់ដី ៣៨៤៤.៧០ហិកតា។ ៥)ខេត្តសៀមរាប មានប្រជាពលរដ្ឋ ៩៩៩គ្រួសារ ប្រគល់ដី ២០៥១.៣៨ហិកតា និង៦)ខេត្តកំពង់ធំ មានប្រជាពលរដ្ឋ ៩៧៩គ្រួសារ ប្រគល់ដី ៥៧៥៦.៦៤ហិកតា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។

សម្តេចបានស្នើដល់ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំកម្លាំងដើម្បីចុះស្រាវជ្រាវរកមន្រ្តីណាខ្លះ ដែលមានការពាក់ព័ន្ធជាមួយនឹងការកាប់ទន្ទ្រានយកដីបឹងទន្លេសាបនេះ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសទាំងអស់។

មកដល់ថ្ងៃទី១៧ខែធ្នូនេះ មានមន្ត្រីនគរបាលចំនួនពីរនាក់ ត្រូវបានឃាត់ខ្លួនដោយ អង្គភាពប្រឆាំងអំពើពុករលួយ គឺ លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង បន្ទាប់ពីបញ្ចប់ការសួរនាំ ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×