រដ្ឋបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ការរៀបចំដី និងផ្ទះជូនបងប្អូនភៀសសឹក នៅស្រុកស្វាយចេក មិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់បងប្អូន ដែលបានបាត់បង់ដោយសារទាហានថៃហ៊ុព័ទ្ធយកនោះទេ គឺជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយរង់ចាំរាជរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៃចប់ បងប្អូននឹងត្រូវវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋាន របស់ខ្លួនវិញ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារយោធាថៃហ៊ុព័ទ្ធដីធ្លីនៅតាមព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងអ្នកសារព័ត៌មាន ទាំងអស់ឱ្យបានជ្រាបថា៖ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ យោធាថៃហ៊ុព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រយកដីធ្លី ផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបាន មានដូចជាភូមិជោគជ័យភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូរីបំបែក និងភូមិបន្ទាយមានឬទ្ធិ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ចំពោះបងប្អូនដែលរងផលប៉ះពាល់ដោយសារយោធាថៃហ៊ុព័ទ្ធផ្ទះសម្បែង ដែលមិនអាចចូលទៅរស់នៅក្នុង ទីតាំងភូមិទាំង៦ខាងលើ រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរនិចតី នាយករដ្ឋមន្ត្រី តែងតែគិតគូរ និង យកចិត្តទុកដាក់ខ្ពស់ទាំងការរស់នៅ និងជីវភាពរបស់បងប្អូន ហើយបាននិងកំពុងរៀបចំដីធ្លីជាគម្រោងរបស់ សមាគមអតីតយុទ្ធជន ដើម្បីសាងសង់ផ្ទះសម្រាប់ផ្តល់ជូនបងប្អូនដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុព័ទ្ធ បានរស់នៅជាបណ្តោះអាសន្ន ដែលមានទីតាំងនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លើផ្ទៃដីទំហំ៤០០ហិកតា និងមានហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់គ្រាន់ ហើយបច្ចុប្បន្ន ក្រុមការងារបាននឹងកំពុង ដំណើរការសាងសង់ផ្ទះបានមួយចំនួន និងផ្តល់ជូនសម្រាប់បងប្អូនភៀសសឹក ដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុង តំបន់ហ៊ុព័ទ្ធចូលទៅរស់នៅជាបណ្តោះអាសន្នជំហានដំបូងតាមរយៈនៃការចាប់ឆ្នោត។
សូមបញ្ជាក់ថា ការរៀបចំដី និងផ្ទះជូនបងប្អូនខាងលើនេះ មិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់បងប្អូន ដែលបានបាត់បង់ដោយសារទាហានថៃហ៊ុព័ទ្ធយកនោះទេ គឺជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយរង់ចាំរាជរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៃចប់ បងប្អូននឹងត្រូវវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋាន
របស់ខ្លួនវិញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




