សៀមរាប ៖ សៀមរាបសូមស្វាគមន៍ , ជើងហោះហើរ លេខ SQ164 របស់ក្រុមហ៊ុន Singapore Airlines ចេញដំណើរពីប្រទេសសិង្ហបុរី បានមកដល់ និងចុះចត នៅអាកាស យានដ្ឋានអន្តរជាតិសៀមរាប ដោយសុវត្ថិភាព នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ ជាមួយវត្តមាន ភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៦៧នាក់។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយ ពីបានទទួលស្វាគមន៍អ្នកដំណើរមកពីបរទេសជាលើកដំបូងនេះថា ខេត្តសៀមរាបអស់ រយៈពេលពីរឆ្នាំហើយ យើងមិនបានទទួលភ្ញៀវទេសចរបរទេស ឬការចុះចតនៅក្នុង ព្រលាន យន្តហោះអន្តរជាតិរបស់យើងនោះទេ។ នេះជាលើកដំបូង ដែលបានឃើញភ្ញៀវទេសចរ បរទេសចូលមកកម្សាន្តនៅខេត្តសៀមរាប។

ឯកឧត្តមសង្ឃឹមថា នឹងមានភ្ញៀវទេសចរបរទេសជាបន្តទៀតមកកម្សាន្តនៅ ខេត្តសៀមរាប ព្រោះបើតាមការរាយការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ថា មានភ្ញៀវទេសចរបានទៅកក់សំបុត្រមកទស្សនានៅក្នុងខេត្តសៀមរាប ជាបន្តបន្ទាប់ ទៀតហើយ។ ឯកឧត្តមបន្តថា ឥឡូវនេះ សេដ្ឋកិច្ចនៅខេត្តសៀមរាប ចាប់ផ្តើមដំណើរការល្អឡើង វិញជាបណ្តើរៗ ព្រោះភ្ញៀវទេសចរក្រុងស្រុក ក៏បានមកកម្សាន្តនៅខេត្តសៀមរាបកើនឡើង ជាបន្តបន្ទាប់ រីឯភ្ញៀវទេសចរបរទេស ក៏បានចាប់ផ្តើមចូលមកទស្សនាខេត្តសៀមរាប យើងដែរ។ ខណៈដែលខេត្តសៀមរាប ក៏បានធ្វើការអភិវឌ្ឍហេរដ្ឋារចនាសម្ព័ន្ធ និងកែលម្អឱ្យ កាន់តែមានភាពស្រស់ស្អាតផងដែរ។
ជាមួយគ្នានេះ នៅតាមបណ្តាក្រុង-ស្រុកនៃខេត្តសៀមរាប ក៏បានត្រៀមរៀបចំកម្មវិធី ឆ្លងឆ្នាំសកល ហើយសណ្ឋាគារជាច្រើនក៏បានបើកឡើងវិញ ដោយឥឡូវនេះ មានការកក់ បន្ទប់ស្នាក់នៅជាច្រើនផងដែរ។ ឯកឧត្តមអភិបាលខេត្តសៀមរាបបានបញ្ជាក់ថា នៅថ្ងៃទី១៧នេះ ក្រៅពីក្រុមហ៊ុនអាកា សចរណ៍ Singapore Airlines ក៏មានក្រុមហ៊ុនអាកាសចរណ៍ ឡាយម៉ីអែរឡាញ (Lamei Airlines)មួយទៀត ដែលនិងដឹកអ្នកដំណើរមកកាន់ខេត្តសៀមរាបយើងនេះដែរ។

សូមបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិ ដែលត្រូវឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប ត្រូវតែទទួលការធ្វើតេស្តរហ័សពីក្រុមការងារ បើអវិជ្ជមានគឺអាចធ្វើដំណើរ កម្សាន្តបាន បើស្ថិតក្នុងករណីវិជ្ជមាន ត្រូវទទួលការថែទាំ និងព្យាបាលតាមការជ្រើសរើស មន្ទីរព្យាបាលតាមការចង់បានរបស់ភ្ញៀវ បើលទ្ធផលវិជ្ជមានតែពុំមានអាការៈសម្គាល់ គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងបន្ទប់ដាច់ដោយឡែក នៃសណ្ឋាគារស្នាក់នៅនោះតែម្តង។
នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយនឹងគណៈប្រតិភូកុងស៊ុល នៃបណ្តាប្រទេសជាមិត្តមួយចំនួនប្រចាំខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា កំពុងបំពេញទស្សនកិច្ចស្វែងយល់អំពីការរៀបចំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីត្រៀមទទួលភ្ញៀវទេសចរវ៉ាក់សាំងពេញលេញនោះ គឺនៅមានគម្លាតមិនលើសពី២៤ម៉ោងនោះទេ ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងត្រូវមានកំណត់ត្រាជាថ្មីនៃការចុះចតជើងយន្តហោះដឹកអ្នកទេសចរមកពីប្រទេសសឹង្ហបូរី ។
នាឱកាសនោះដែរ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ដែរថា ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋបាលខេត្តបានអញ្ជើញចូលរួម អគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉ ប្រធានការិយាល័យកុងស៊ុលនៃសាធារណរដ្ឋប្រជាមានិតចិន ការិយាល័យកុងស៊ុលជប៉ុន និងប្រធានស្ថានកុងស៊ុលនៃព្រះរាជាណាចក្រហូឡង់ប្រចាំខេត្តសៀមរាប។ លោក បានបន្តថាអាកាសយានដ្ឋានអន្តរជាតិសៀមរាបបានរៀបចំរួចជាស្រេចដើម្បីត្រៀមទទួលភ្ញៀវទេសចរជាមួយនឹងការត្រៀមបើកទំព័រកំណត់ត្រាជាថ្មីនៃចំនួនភ្ញៀវទេសចរ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បើកប្រទេសឡើងវិញ និងទទួលទេសចរវ៉ាក់សាំងពេញលេញ។

ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឲ្យដឹងដែលថា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសឡើងវិញ និងប្រកាសទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញនោះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរ បានប្រកាសចាប់ផ្តើមហោះហើរមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២១នេះ ទី១គឺ ក្រមហ៊ុនអាកាសចរណ៍សាំងហ្គាពួអែរឡាញ នឹងធ្វើការហោះហើរដឹកអ្នកដំណើរមកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅសិង្ហបុរីវិញជារៀងរាល់ថ្ងៃ និងទី២គឺក្រុមហ៊ុនអាកាសចរណ៍ ឡាយម៉ីអែរឡាញ (Lamei Airlines) នឹងធ្វើការហោះហើរពីភ្នំពេញមកសៀមរាប និងពីសៀមរាបទៅបាងកក ពីបាងកកមកសៀមរាបវិញ ដោយឆ្លងកាត់ភ្នំពេញ ក្នុងមួយសប្តាហ៍ពីរជើង។ ឯកឧត្តមក៏បានបង្ហាញឲ្យដឹងផងដែរ នូវកិច្ចសហការរវាងប្រតិបត្តិករព្រលានយន្តហោះជាមួយសមត្ថកិច្ចនិងក្រុមជំនាញ ហើយអ្វីដែលជាការទទួលខុសត្រូវនោះ គឺការផ្សព្វផ្សាយជួបភ្ញៀវ អំពីនីតិវិធីប្រតិបត្តិស្តង់ដាSOP នៅពេលយន្តហោះត្រូវចុះចតដល់គោលដៅនោះ។
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាខេត្តសៀមរាប និងក្រុមការងារអនុវត្តនីតិប្រតិបត្តិស្តង់ដា SOP បានបង្ហាញបន្ថែមដែលថា ការត្រួតពិនិត្យនឹងត្រូវបានធ្វើឡើងដោយហ្មត់ចត់បំផុត ទី១ភ្ញៀវដែលត្រូវឆ្លងកាត់អាកាសយានដ្ឋានត្រូវតែមានប័ណ្ណចាក់វ៉ាក់សាំងពេញលេញ ទី២ត្រូវមានប័ណ្ណបញ្ជាក់ថាបានធ្វើ PCR ៧២ម៉ោង មុនមកដល់គោលដៅ និងប័ណ្ណប្រកាសសុខភាព។
ម្យ៉ាងទៀតភ្ញៀវទេសចរអន្តរជាតិដែលត្រូវឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រូវតែទទួលការធ្វើតេស្តរហ័សពីក្រុមការងារ បើអវិជ្ជមានគឺអាចធ្វើដំណើរកំសាន្តបាន បើស្ថិតក្នុងករណីវិជ្ជមាន ត្រូវទទួលការថែទាំនិងព្យាបាល តាមការជ្រើសរើសមន្ទីរព្យាបាលតាមការចង់បានរបស់ភ្ញៀវ តែបើលទ្ធផលវិជ្ជមានពុំមានអាការៈសម្គាល់ គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងបន្ទប់ដាច់ដោយឡែក នៃសណ្ឋាគារស្នាក់នៅនោះតែម្តង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី












