ភ្នំពេញ ៖ ឯកឧត្តម ហូ សិទ្ធី នាយកខុទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងប្តឹងលោក ទៀង សុថា ប្រធានសាលាដំបូងខេត្តមណ្ឌលគីរី ទៅអង្គភាពប្រឆាំងអំពើពុករលួយ។ នេះបើយោងឯកឧត្តម ហូ សិទ្ធី ថ្លែង ប្រាប់សារព័ត៌មានក្នុងស្រុកនៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

ការគ្រោងប្តឹងនេះ បានធ្វើឡើងបន្ទាប់ពីបែកធ្លាយរឿងលោកទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគិរី បានយកឈ្មោះឯកឧត្តម ហូ សិទ្ធី នាយកខុទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅដាក់ការកៀបសង្កត់បង្ខំឲ្យម្ចាស់ដីដែលមានរឿង ចែកដីទៅឲ្យបក្ខពួករបស់ខ្លួនឈ្មោះ ស្រេង វុទ្ធា ព្រះរាជអាជ្ញារងខេត្តសៀមរាប ដើម្បីជាថ្នូរនឹងការបញ្ចប់រឿង និងដោះលែង ឲ្យមានសេរីភាពវិញ។
ទាក់ទងករណីនេះ ឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នេះ បានធ្វើការបំភ្លឺថា នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១នេះ ចន្លោះម៉ោង ៧ ដល់ម៉ោង ៨ព្រឹក ឯកឧត្តមមានការភ្ញាក់ផ្អើលដោយបានឃើញលើទំព័រហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ ដែលបានសរសេរអំពីរឿងវិវាទដីធ្លីមួយករណី នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយនិយាយថា “ឈ្មោះ ទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគិរី ដែលជាចៅក្រម កាន់សំណុំរឿង បានយកឈ្មោះឯកឧត្តម ទៅដាក់ការកៀបសង្កត់បង្ខំឲ្យម្ចាស់ដីដែលមានរឿង ចែកដីទៅឲ្យ បក្ខពួករបស់ខ្លួនឈ្មោះ ស្រេង វុទ្ធាព្រះរាជអាជ្ញារងខេត្តសៀមរាប ដើម្បីជាថ្នូរនឹងការបញ្ចប់រឿង និងដោះលែង ឲ្យមានសេរីភាពវិញ ។

ឯកឧត្តម ហូ សិទ្ធី បានបញ្ជាក់ថា ឯកឧត្តម មិនដែលស្គាល់មុខមាត់ និងឈ្មោះ ទៀង សុថា ឬ ស្រេង វុទ្ធា ហើយក៏មិនដឹងថាម្ចាស់ដី ដែលត្រូវជាប់ចោទនោះ ឈ្មោះអ្វីផងដែរទេ។
ចំណែកលោក ទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគិរី និងលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងខេត្តសៀមរាប មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



