អង្គការសុខភាពពិភពលោក បានអនុម័តការយល់ព្រមចំពោះលទ្ធភាពប្រើប្រាស់ជាបន្ទាន់ចំពោះវ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា ក្រោមអាជ្ញាប័ណ្ណពីក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Novavax ។ ខណៈនេះវ៉ាក់សាំងទី៩ហើយដែលត្រូវបានអនុម័តពីអង្គការសុខភាពពិភពលោក ក្រោយសាកល្បងលើរាងកាយមនុស្សរួចរាល់។
បើតាមសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសុក្រ WHO បានបញ្ជាក់ថា ការអនុម័តការចុះបញ្ជីដល់ការប្រើប្រាស់ក្នុងគ្រាអាសន្ន (EUL)ចំពោះវ៉ាក់សាំងឈ្មោះ Covovax គឺជាជំហានដ៏ល្អមួយដើម្បីឆ្ពោះទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងបន្តទៀតដល់ការចាក់ថ្នាំបង្ការដល់ប្រជាជននៅក្នុងប្រទេសដែលមានចំណូលទាបឱ្យបានច្រើន។
វ៉ាក់សាំងប្រភេទ Covovax នេះត្រូវបានផលិតដោយវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌាក្រោមអាជ្ញាប័ណ្ណពីក្រុមហ៊ុន Novavax ហើយគំនិតផ្តួចផ្តើមចែករំលែកវ៉ាក់សាំងពី Covax បានបញ្ជាទិញថ្នាំចំនួន៣៥០លានរួចហើយ។
លោកវេជ្ជបណ្ឌិត Mariangela Simao ជំនួយការនាយកអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ៖«ការចុះបញ្ជីនេះមានគោលបំណងបង្កើនលទ្ធភាពទទួលបាន ជាពិសេសនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប។ ក្នុងនោះ ប្រទេសចំនួន៤១ នៅតែមិនអាចចាក់វ៉ាក់សាំង១០ភាគរយ នៃចំនួនប្រជាជនរបស់ប្រទេសទាំងអស់នោះ ខណៈពេលដែលប្រទេសចំនួន៩៨ នៅមិនទាន់ឈានដល់ការចាក់វ៉ាក់សាំងបានចំនួន៤០%នៅឡើយ»។
វ៉ាក់សាំងប្រភេទNovavax គឺជាវ៉ាក់សាំងប្រូតេអ៊ីនមួយដែលត្រូវបានគេប្រើប្រាស់ជាលក្ខណៈបច្ចេកវិទ្យាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដើម្បីធ្វើការការពារមនុស្សពីជំងឺរលាកថ្លើម ជំងឺរើម និងការឆ្លងមេរោគផ្សេងទៀត។ ប្រូតេអ៊ីនក្នុងវ៉ាក់សាំងនេះ គឺបានបង្ហាញពីប្រសិទ្ធភាពខ្ពស់អាចការពារការឆ្លង និងជំងឺធ្ងន់ធរបាន៨៩.៧% ប្រឆាំងទៅនឹងមេរោគកូវីដ១៩ ខណៈវាក៏ត្រូវតម្រូវឱ្យចាក់ចំនួនពីរដូសផងដែរ ហើយវ៉ាក់សាំងត្រូវមានស្ថេរភាពនៅសីតុណ្ហភាពក្នុងទូរទឹកកកចន្លោះពីពីរទៅប្រាំបីអង្សាសេ។
សូមរំលឹកថា វ៉ាក់សាំងប្រភេទ Covovax គឺជាវ៉ាក់សាំងទីប្រាំបួនដែលត្រូវបានអនុម័តដោយអង្គការសុខភាពពិភពលោក ស្របពេលដែលវ៉ាក់សាំងទាំងអស់នោះទទួលបានភ្លើងបៃតងរួចហើយពីអង្គការសហប្រជាជាតិ រួមមានវ៉ាក់សាំងដោយ Oxford/AstraZeneca, Pfizer/BioNTech និង Moderna៕ ប្រភព៖ RT News