ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដន ប្រាម៉ាត់វីណៃ រដ្ឋមន្រ្តីការបរទេសថៃ បានជួបប្រជុំទ្វេភាគី ដើម្បីពិភាក្សាអំពីចំណងទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមនាពេលបច្ចុប្បន្ន ក៏ដូចជាតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន ឆ្នាំ២០២២នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះនាទីស្តីការក្រសួង។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដន ប្រាម៉ាត់វីណៃ រដ្ឋមន្រ្តីការបរទេសថៃ បំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ តបតាមការអញ្ជើញរបស់ រដ្ឋមន្ត្រីការបរទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ ឧបនាយករដ្ឋមន្រ្តី ដន ប្រាម៉ាត់វីណៃ និង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា និងថៃ។
រដ្ឋមន្ត្រីការបរទេសថៃ ក៏បានចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាផងដែរ។
ចំពោះកិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ ក្រោមមូលបទ «សន្តិភាព វិបុលភាព ស្តារឡើងវិញទាំងអស់គ្នា» រដ្ឋមន្រ្តីការបរទេសកម្ពុជា-ថៃ ពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំ JC លើកទី១០ កាលពីឆ្នាំ២០១៦ និងពិភាក្សាលើទិដ្ឋភាពនានា នៃកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងបន្តពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រទាំងពីរ ដើម្បីការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ក្រោយពីវិបតិ្តកូវីដ-១៩។

ក្រោយពេលបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏អញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលជានិមិត្តរូបនូវឧបករណ៍សម្រាប់ធ្វើតេស្ត RT-PCR និង SARS-CoV-2 ពីរាជរដ្ឋាភិបាលថៃ ប្រគល់ជូនមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យមង្គលបូរី នៃខេត្តបន្ទាយមានជ័យ និងបិទបញ្ចប់កម្មវិធីដោយការធ្វើសន្និសីទសារព័ត៌មានរួមគ្នា។
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ដន ប្រាម៉ាត់វីណៃ រដ្ឋមន្រ្តីការបរទេសថៃ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដន ប្រាម៉ាត់វីណៃ បានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ជូនចំពោះសម្តេចតេជោ ហើយបានសម្ដែងការអបអរសាទរជូនចំពោះ សម្តេចតេជោ ដែលនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ នឹងបានគោរពជូនពរសម្ដេចតេជោ ដឹកនាំអាស៊ាន ទទួលបានជោគជ័យនៅឆ្នាំ២០២២ ខាងមុខ។
ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ក៏បានសំដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ដែលបានទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 បានយ៉ាងជោគជ័យ ជាពិសេស បានចាក់ស្រោចវ៉ាកសាំងជូនដល់ប្រជាជនកម្ពុជាបានជាង ៩០ភាគរយ ។ ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការអបអរសាទរផងដែរ ជូនចំពោះសម្តេចតេជោ ដែលបានអភិវឌ្ឍន៍កម្ពុជាយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដន ប្រាម៉ាត់វីណៃ បានគោរពសូមស្វែងយល់ពីសម្ដេចតេជោ អំពីគោលដៅនៃការដឹកនាំអាស៊ាន នាឆ្នាំ ២០២២ ខាងមុខ ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ដែលបានពាំនាំនូវសាររបស់ ឯកឧត្តមនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ជូនចំពោះសម្ដេច។ សម្ដេចក៏បានជម្រាបជូនឯកឧត្តមផងដែរ អំពីគោលដៅសំខាន់ដែលត្រូវធ្វើក្នុងនាមជាប្រធានអាស៊ាន នោះគឺ ៖
ទី១) ប្រយុទ្ធប្រឆាំងជំងឺកូវីដ ធ្វើយ៉ាងណាបើកសេដ្ឋកិច្ច សង្គមកិច្ច និងតភ្ជាប់រវាងប្រជាជននិងប្រជាជននៅអាស៊ានរបស់យើង
ទី២) ពង្រឹងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាន
ទី៣) សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមផងដែរនូវជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង នោះគឺជំរុញការអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាម DOC និងឲ្យប្រទេសដែលមានពាក់ព័ន្ធ ធ្វើការចរចាគ្នា និងខំប្រឹងប្រែងធ្វើយ៉ាងណា សម្រេច COC ឲ្យបាន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

