ជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បង្កការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត កាលពីថ្ងៃមុននេះ ដែលអ្នកបើកបរបង្កត្រូវបានគេស្គាល់ថា ជា VJ តាប៊ុយ ដែលបានបើកឡានរ៉េងរ៉ូវ័រ ទាំងស្ថានភាពស្រវឹងជោគជាំ រហូតទប់ស្មារតីមិនជាប់ ក៏បានជ្រុលទៅបុករថយន្តព្រូសកំពុងឈប់ស្ងៀមនៅភ្លើងស្តុប បណ្តាលឲ្យខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ គឺនៅតែជាប្រធានបទក្តៅ ខណៈដែលម្ចាស់រថយន្តព្រូសរងគ្រោះ លែងដោះស្រាយចរចាជាមួយ ដោយងាកមកប្តឹង និងថែមទាំងទាមទារសំណងជំងឺចិត្តរហូត ២ ម៉ឺនដុល្លារ។
គួរបញ្ជាក់ថា ក្រោយហេតុការណ៍បានកើតឡើង ភាគីទាំងពីរបានព្យាយាមសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ ដោយទុកឲ្យជាងជួសជុលវាយតម្លៃតាមទំហំខូចខាត។ ប៉ុន្តែ នៅពេលម្ចាស់រថយន្តព្រូស ផ្ញើវិកយបត្រដែលជាងបានវាយតម្លៃនៃការជួសជុលអស់រហូត ២២៥០ ដុល្លារ ស្រាប់តែនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ Vj តាប៊ុយ កើតទុក្ខមិនសុខចិត្ត ព្រោះគិតថាទំហំនៃការខូចខាតមិនអស់ម្ល៉ឹង ក៏បាន Live វីដេអូ និយាយអំពីរឿងនេះ និងចោទប្រកាន់ថា ម្ចាស់រថយន្តរងគ្រោះសរសេរបុងមកធ្វើស៊ីលោក រហូតក្លាយជារឿងធំ ត្រូវម្ចាស់រថយន្តព្រូសឆេះកំហឹងប្តឹងផ្តល់ ជូនតាមសំណើរ តាប៊ុយ ដែលបានបោះសម្តីថ្លោះថា ចង់ធ្វើអីធ្វើទៅ។
ពិតណាស់ នៅក្នុងអំឡុងពេល Live រៀបរាប់សម្តែងការហួសចិត្តនឹងតម្លៃជួលជុលជាហូរហែ គេក៏បានឃើញហ្វេនៗរបស់ តាប៊ុយ ជាច្រើន ក៏បានចូលមកគាំទ្រ។ ក្នុងនោះ ក៏មានវត្តមានតារាកំពូលទើស ម៉ៃ សុគន្ធ បានបង្ហោះសារហួសចិត្តចំពោះតម្លៃជួលជុលនេះផងដែរ រហូតបោះសម្តីថា ឡាននេះ បើឲ្យខ្ញុំ ១០០០ ដុល្លារ ខ្ញុំធ្វើមិនបានដូចដើមទេ ខ្ញុំឲ្យយកស្បែកជើងវាយក្បាលខ្ញុំ។ ក្នុងនោះ លោក ម៉ៃ សុគន្ធ ថែមទាំងបញ្ជាក់ថា ១០០០ ដុល្លារ ធ្វើសល់ផង។
តែដោយឡែក ក្រឡេកមកតារាដ៏ល្បីឈ្មោះ Peypey Dy វិញ ស្រាប់តែបានលើកឡើងហេតុផលដ៏សមរម្យ ផ្ទុយពីមហាទើស ម៉ៃ សុគន្ធ ៣៦០ ដឺក្រេ ថា៖ ម្ចាស់រថយន្តរ៉េងរ៉ូវ័រ គឺ Vj តាប៊ុយ បើកបរក្នុងស្ថានភាពស្រវឹងជោគជាំ គឺជាកំហុស១, បើកបុកគេជាកំហុសទី២ និងព្យាយាមបើករត់គេចពីកន្លែងកើតហេតុក៏ជាកំហុសមួយទៀត។
Peypey Dy ក៏បានបន្ថែមថា ពិតជាសរសើរដល់ទឹកចិត្តម្ចាស់រថយន្តព្រូសរងគ្រោះ ដែលមានចិត្តធម៌ មិនរករឿងច្រើន ដោយគ្រាន់តែឲ្យចេញថ្លៃជួសជុលប៉ុណ្ណោះ ចាត់ទុកជាសំណាងហើយ។ Peypey Dy ក៏បានព្រលះទៅ តាប៊ុយ និងក៏ដូចអ្នកគាំទ្រកប់ៗថា ថ្លៃជួសជុលអស់ត្រឹមជាង ២ពាន់ដុល្លារ សោះ ហេតុអីប្រើពាក្យថាគេចាក់ក ឆ្លៀតឱកាសចង់បានលុយ វាមិនត្រូវ ព្រោះឡានគេទើបទិញថ្មីណា របស់គេថ្មី គេស្រលាញ់របស់ទ្រព្យគេណាស់ ហើយខូចឡើងចឹងហើយ បើយកទៅលក់វិញ គឺថោកហ្មង!។ ដោយឡែក នៅចំណុចមួយទៀត ដែលតាប៊ុយ លើកឡើងថាឡានខ្លួនម៉ាក រ៉េងរ៉ូវ័រ ធ្វើអស់តែជាង ២ពាន់ដុល្លារ ហើយត្រឹមឡានព្រូសសោះក៏ធ្វើអស់ដល់ម្ល៉ឹងដែរ ស្រាប់តែតារានិយាយមិនសូវចេះសំចៃមាត់រូបនេះ ក៏បានដាក់ឲ្យចុកៗថា អុញ ហ្មុងឡានគេ ធ្វើអស់ ២រៀលមែន យីហីុ!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









