Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងប្រើឈ្មោះឯកឧត្តម ហូ សិទ្ធី ទៅកៀបសង្កត់ម្ចាស់ដី ៖ ប្រធានសាលាដំបូងខេត្តមណ្ឌលគីរីថា ច្រឡំមាត់

ភ្នំពេញ ៖ បន្ទាប់ពីឯកឧត្តម ហូ សិទ្ធីនាយកខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន ប្រកាសថានឹងប្តឹង ទៅអង្គភាពប្រឆាំងអំពើពុករលួយនោះ ស្រាប់តែលោក ទៀង សុថា ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ភ័យស្លន់ស្លោរប្រញាប់ប្រញាលចេញមកទទួលកំហុសនិងសុំទោសឯកឧត្តម ហូ សិទ្ធី។

ការចេញមកសុំទោសនេះ គឺបន្ទាប់ពីបែកធ្លាយរឿងលោក ទៀង សុថា បានប្រើប្រាស់ឈ្មោះឯកឧត្តម ហូ សិទ្ធី ទៅកៀបសង្កត់បង្ខំឲ្យម្ចាស់ដីដែលមានរឿងឲ្យចែកដីដល់បក្ខពួករបស់ខ្លួនឈ្មោះ ស្រេង វុទ្ធា ព្រះរាជអាជ្ញារងខេត្តសៀមរាប ដើម្បីជាថ្នូរនឹងការបញ្ចប់រឿង និង ដោះលែង ឲ្យមានសេរីភាពវិញ។

ការប្រើប្រាស់ឈ្មោះឯកឧត្តម ហូ សិទ្ធី ទៅកៀបសង្កត់បង្ខំប្រជាពលរដ្ឋម្ចាស់ដី គឺត្រូវបានលោក ទៀង សុថា ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី លើកឡើងថា ច្រឡំមាត់និយាយបែបនេះ។

មជ្ឈដ្ឋានទូទៅកំពុងតែរង់ចាំមើលថា តើឯកឧត្តម ហូ សិទ្ធី នាយកខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន ប្តឹងលោក ទៀង សុថា ប្រធានសាលាដំបូងខេត្តមណ្ឌលគីរី ទៅអង្គភាពប្រឆាំងអំពើពុករលួយដែរឬទេ? ខណៈដែលការប្រើឈ្មោះឯកឧត្តម ហូ សិទ្ធី ទៅកៀបសង្កត់ប្រជាពលរដ្ឋម្ចាស់ដីបានធ្វើឲ្យខូចកិត្តិយសយ៉ាងធ្ងន់ធ្ងរនោះ។
បើយោងតាមសាររបស់លោក ទៀង សុថា ប្រធានសាលាដំបូងខេត្តមណ្ឌលគីរី ដែលសារព័ត៌មានក្នុងស្រុកបានដកស្រង់យកមកចុះផ្សាយបានសរសេរយ៉ាងថា សារទី១ ៖ «ខ្ញុំបាទពិតជាខុសហើយ ដែលជ្រុលនិយាយបែបនេះ។ ខ្ញុំសូមសោកស្តាយជាខ្លាំងពន់ពេក ដែលច្រឡំមាត់និយាយបែបនេះ ដោយពុំគិតពិចារណាអោយបានច្បាស់លាស់នាំអោយប៉ះពាល់កិត្តិយសឯកឧត្តម ហូ សិទ្ធី។ ខ្ញុំបាទសូមគោរពឯកឧត្តមមេត្តាអភ័យទោស ដល់ខ្ញុំផង។ សូមអរគុណឯកឧត្តមច្រើន»។ សារទី២៖ «ជាការពិត ខ្ញុំបាទពុំបានដឹងទេ ថាឯកឧត្តម ហូ សិទ្ធី ទូរសព្ទទៅឯកឧត្តមអភិបាលខេត្ត ឫមិនតេនោះទេ។ សូមអរគុណឯកឧត្តម»។

ទាក់ទងករណីនេះ នាយកខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសថានឹងប្តឹងលោក ទៀង សុថា ប្រធានសាលាដំបូងខេត្តមណ្ឌលគីរី ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីស្រាវជ្រាវលើករណីជនខិលខូចបានប្រើឈ្មោះរបស់ឯកឧត្តមទៅប្រព្រឹត្តអំពើទុច្ចរិតគៀបសង្កត់ម្ចាស់ដីឲ្យបែងចែកដីធ្លីក្នុងសំណុំរឿងនៅតុលាការខេត្តមណ្ឌលគិរី។

ការប្រកាសថានឹងប្តឹងនេះ បានធ្វើឡើងបន្ទាប់ពីបែកធ្លាយរឿងលោកទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគិរី បានយកឈ្មោះឯកឧត្តម ហូ សិទ្ធី នាយកខុទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅដាក់ការកៀបសង្កត់បង្ខំឲ្យម្ចាស់ដីដែលមានរឿង ចែកដីទៅឲ្យបក្ខពួករបស់ខ្លួនឈ្មោះ ស្រេង វុទ្ធា ព្រះរាជអាជ្ញារងខេត្តសៀមរាប ដើម្បីជាថ្នូរនឹងការបញ្ចប់រឿង និង ដោះលែង ឲ្យមានសេរីភាពវិញ។
ឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នេះ បានធ្វើការបំភ្លឺថា នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១នេះ ចន្លោះម៉ោង ៧ ដល់ម៉ោង ៨ព្រឹក ឯកឧត្តមមានការភ្ញាក់ផ្អើលដោយបានឃើញលើទំព័រហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ ដែលបានសរសេរអំពីរឿងវិវាទដីធ្លីមួយករណីនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយនិយាយថា “ឈ្មោះ ទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគិរី ដែលជាចៅក្រម កាន់សំណុំរឿង បានយកឈ្មោះឯកឧត្តម ទៅដាក់ការកៀបសង្កត់បង្ខំឲ្យម្ចាស់ដីដែលមានរឿង ចែកដីទៅឲ្យ បក្ខពួករបស់ខ្លួនឈ្មោះ ស្រេង វុទ្ធា ព្រះរាជអាជ្ញារងខេត្តសៀមរាប ដើម្បីជាថ្នូរនឹងការបញ្ចប់រឿង និង ដោះលែង ឲ្យមានសេរីភាពវិញ ។

ឯកឧត្តម ហូ សិទ្ធី បានបញ្ជាក់ថា ឯកឧត្តម មិនដែលស្គាល់មុខមាត់ និងឈ្មោះ ទៀង សុថា ឬ ស្រេង វុទ្ធា ហើយក៏មិនដឹងថាម្ចាស់ដីដែលត្រូវជាប់ចោទនោះ ឈ្មោះអ្វីផងដែរទេ។

ចំណែកលោក ទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគិរី មិនធ្វើអត្ថាធិប្បាយទេ ពាក់ព័ន្ធការចោទប្រកាន់ខាលើនេះ។ រីឯលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងខេត្តសៀមរាប មិនអាចសុំការអត្ថាធិប្បាយបានទេ។

ជុំវិញករណីខាងលើនេះ ខាងក្រសួងយុត្តិធម៌នៅមិនទាន់មានចំណាត់ការណាមួយននៅឡើយទេ ចំពោះលោក ទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគិរី និងឯលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងខេត្តសៀមរាប ដែលបានប្រើប្រាស់ឈ្មោះឯកឧត្តម ហូ សិទ្ធី ទៅកៀបសង្កត់បង្ខំឲ្យម្ចាស់ដីដែលមានរឿងឲ្យចែកដីដល់បក្ខពួករបស់ខ្លួនឈ្មោះ ស្រេង វុទ្ធា ព្រះរាជអាជ្ញារងខេត្តសៀមរាប ដើម្បីជាថ្នូរនឹងការបញ្ចប់រឿង និង ដោះលែង ឲ្យមានសេរីភាពវិញ៕

រក្សាសិទ្ធិដោយ : ចេស្តារ

×