ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា មិនមានសម្ពាធណាផ្សេងទៀតដែលតម្រង់ឆ្ពោះមកដាក់ទណ្ឌ.កម្មលើកម្ពុជា ដែលគ្រាន់តែកម្ពុជាមានសេរីភាពនៅក្នុងការធ្វើទំនាក់ទំនង ជាមួយសាធារណរដ្ឋប្រជាមានិតចិននោះទេ។ ហើយជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន មិនមែនគ្រាន់តែត្រឹមមានន័យលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប៉ុណ្ណោះទេ ក៏ប៉ុន្តែជំនួយនេះវាក៏បានជួយទៅដល់ការពង្រឹងនូវឯករាជ្យ អធិបតេយ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវវិមានពហុកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតតេជោ នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១។ វិមានកីឡដ្ឋាន គឺជាសំណង់ប្រវត្តិសាស្ត្រមួយទៀតសម្រាប់កម្ពុជា និងជាប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ពិតណាស់ហើយថ្ងៃនេះ អ្នកខ្លះអាចនឹងលើកឡើងថា វាជាការផ្គើនជាមួយនឹងងបទបញ្ជាពីខាងក្រៅ ដែលហាមឃាត់ការទាក់ទងរវាងកម្ពុជាជាមួយចិន ដែលយើងធ្វើពិធីដ៏អធឹកអធ័មមួយបើទោះបីក្រោមសម្ពាធនៃកូវីដ១៩ ក៏ដោយ។ ពិតមែនហើយប្រសិនបើពុំមានកូវីដ១៩ បំផ្លាញយើងទេថ្ងៃនេះខ្ញុំនឹងធ្វើសម្ពោធនៅទីនេះឲ្យមានមនុស្សលើសពី ៦ម៉ឺននាក់ ព្រោះស្តាតនេះបានដាក់ចំណុះទៅដល់ ៦ម៉ឺននាក់ ប៉ុន្តែថ្ងៃនេះយើងជួបជុំគ្នាក្រោមមនុស្ស ២ម៉ឺននាក់តែប៉ុណ្ណោះ ដើម្បីធានានូវសុវត្ថិភាពសម្រាប់អ្នកចូលរួម ក៏ដូចជាសម្រាប់វិធនាការផ្នែកសុខាភិបាលផងដែរ”។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា កម្ពុជាក៏មិនព្រងើយកន្តើយចំពោះកាតព្វកិច្ច ដែលកម្ពុជាត្រូវបំពេញក្នុងឋានៈ ជាមួយប្រទេសមួយដែលនឹងត្រូវធ្វើស៊ីហ្គេម សម្តេចបានស្វះស្វែងដើម្បីធ្វើកិច្ចការងារនេះជាមួយមិត្តចិន ក្នុងបំណងដើម្បីសុំមិត្តចិនជួយចំពោះការសាងសង់នៅពហុកីឡាដ្ឋាននេះ។ ជាភ័ព្ទសំណាងប្រធានាធិបតី ស៊ី ជីងពីង ក៏បានផ្តល់នៅថវិកាសម្រាប់សាងសង់ដែលមានទំហំជាង ១ពាន់លានយ័ន ប្រហាក់ប្រហែលនឹង ១៥០លានដុល្លារ ដែលជាជំនួយឥតសំណងធំជាងគេ ក្នុងចំណោមជំនួយឥតសំណងផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ





