ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត ចាប់ផ្ដើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ លេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះ កុង ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ។

ថ្ងៃព្រហស្បតិ៍ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តមសូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ទទួលបន្ទុក សមាជិកសមាជិកានៃអនុគណៈកម្មការត្រៀមរៀបចំ និងក្រុមកាងារបច្ចេកទេសពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំពិធីរបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណូមពរ ក៏ដូចជាបញ្ហាប្រឈម មួយចំនួនដែលគណៈកម្មការ និងអនុគណៈកម្មការនីមួយៗបានជួបប្រទះអំឡុងពេលបំពេញការងាររបស់ខ្លួន។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានណែនាំឱ្យសមាជិក សមាជិកានៃគណៈកម្មការត្រៀមរៀបចំពិធីសហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានគ្នា ទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលខ្លួនបានជួបប្រទះ ជាពិសេស ត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ បានប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក។
ជាលទ្ធផល អង្គប្រជុំបានសម្រេចឱ្យក្រុមការងារបច្ចេកទេស និងក្រុមការងារពាក់ព័ន្ធចុះទៅពិនិត្យទីតាំង សមស្របជាក់ស្តែងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីសិក្សាស្វែងយល់ទីតាំងភូមិសាស្ត្រសម្រាប់ការ រៀបចំពិធីដែលអាចធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបរិស្ថានល្អសម្រាប់អ្នកចូលរួម ផងដែរ។
សូមជម្រាបជូនថា៖ ពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទាន សម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា។
គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្ដើមពី ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះរួមមាន៖ ផ្លូវពីរគន្លងមានប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ១១ម៉ែត្រផ្លូវ ៤គន្លងមានប្រវែង២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី១៨,៥ ម៉ែត្រដល់ ២១,៥ម៉ែត្រ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី








