ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់ហាមឃាត់ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន លោកកួយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញនិងជាចៅក្រមស៊ើបសួរ បានឃើញ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៤២០២ អ.យ.ឋ ចុះថ្ងៃទី១៨ ខែខែធ្នូ ឆ្នាំ២០២១របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

- បានឃើញ ដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ o៤១.៩ “ម” ដព.ស ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដែលទាក់ទងនឹងជនត្រូវចោទដូចខាងក្រោម៖ ឈ្មោះ កែវ ណារុន ភេទប្រុស អាយុ ៥៨ឆ្នាំ (កើតឆ្នាំ១៩៦២) សញ្ជាតិខ្មែរ មុខរបរ ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ទីកន្លែងកំណើត ភូមិអណ្តូងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ A ២៣៤ ភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ទោសពីមុនគ្មាន ត្រូវបានចោទប្រកាន់ពីបទ បំផ្លាញ និង គៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក និងបទ មិនប្រកាសទ្រព្យសម្បត្តិ និង បំណុល ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹកនៃតំបន់៣ នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ កាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៨ នៃក្រម ព្រហ្មទណ្ឌ និងមាត្រា ៨៨ នៃច្បាប់ស្តីពីជលផល និងមាត្រា ៣២, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
បង្គាប់ ៖ ១. ភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណះ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ កែវ ណារុន ដែលមានអត្តសញ្ញាណ ដូចខាងលើនេះ ទៅពន្ឋនាគារ ឬ មណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។ ២. ឱ្យប្រធានពន្ធនាគារ ឬ មណ្ឌលអប់រំកែប្រែទី១ (ម១) ទទួល និងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មី សម្រេចផ្សេងពីនេះ។

ដីកាបង្គាប់ឱ្យឃុំខ្លួន លោក កួយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានឃើញ ដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្ន ដែលទាក់ទងនឹងជនត្រូវចោទដូចខាងក្រោម៖ ឈ្មោះ ស៊ុំ សុជាតិ ឈ្មោះហៅក្រៅ ណុយ ភេទប្រុស អាយុ ៥១ឆ្នាំ (កើតឆ្នាំ១៩៧០) សញ្ជាតិខ្មែរ មុខរបរ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ទីកន្លែងកំណើត ឃុំកំពង់ឆ្នាំង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ E២៨៨ ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ទោសពីមុខគ្មាន ត្រូវបានចោទប្រកាន់ពីបទ បំផ្លាញ និង គៃបំបាត់ បទ ហ៊ុមព័ទ្ឋកាន់កាប់ដីព្រៃលិចទឹក បទ មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងបទ សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹកនៃតំបន់៣ នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រភូមិកង្កែប និងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៨ – ន ក្រមព្រហ្មទណ្ឌ និងមាត្រា ៩៨ នៃច្បាប់ស្តីពីជលផល និងមាត្រា ៣២, មាត្រា ៣៨ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ថ្មី, មាត្រា ៦៨ថ្មី១ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
បង្គាប់ ៖ ១ ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណះ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ ស៊ុ សុជាតិ ដែលមានអត្តសញ្ញាណ ដូចខាងលើនេះ ទៅពន្ឋនាគារ ឬ មណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។ ២. ឱ្យប្រធានពន្ធនាគារ ឬ មណ្ឌលអប់រំកែប្រែទី១ (ម១) ទទួល និងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មី សម្រេចផ្សេងពីនេះ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យក្រសួងស្ថាប័ន និងអាជ្ញាធរខេត្ត ជាពិសេសខេត្តជុំវិញបឹងទន្លេសាប ត្រូវបើកប្រតិបត្តិការយ៉ាងក្ដៅគគុកចុះទៅបង្ក្រាប និងដកហូតដែនដីព្រៃលិចទឹក ដែលរងការរំលោភបំពាន កាន់កាប់រាប់ពាន់ហិចតា នាពេលកន្លងមក ជាពិសេសក្នុងខេត្តកំពង់ឆ្នាំងតែម្ដង។
យុទ្ធនាការនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដោយកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានចុះទៅពិនិត្យជាក់ស្ដែងនៅតំបន់ព្រៃលិចទឹក រហូតអ្នកដែលកាន់កាប់ព្រៃលិចខុសច្បាប់ទាំងនេះ បានចេញមកទទួលស្គាល់កំហុស និងបានប្រគល់ដីទាំងនេះជូនរដ្ឋវិញផងដែរ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



