Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីនៅលើវិស័យជាច្រើន ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ ការតភ្ជាប់ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបង្ហាញពីលទ្ធផលលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ នៅព្រះរាជាណាចក្រកម្ពុជា និងកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (11th JC) រវាងកម្ពុជា និងថៃ នៅរាជធានីភ្នំពេញ ពីថ្ងៃទី ១៦-១៨ ខែធ្នូ ឆ្នាំ២០២១។

ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយអំឡុងទស្សនកិច្ចនេះ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

តាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ថៃ បានអញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា និង បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគី (11th JC) រវាងកម្ពុជា-ថៃ ពីថ្ងៃទី១៦ ដល់ទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។

នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ដែលក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងការអបអរសាទរ របស់ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ផ្ញើជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះភាពជោគជ័យដ៏ធំធេងរបស់កម្ពុជាក្នុងនាមជា ប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ តាមប្រព័ន្ធវីដេអូ និងបានសម្តែងនូវ ការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសថៃ សម្រាប់ការធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២ របស់ កម្ពុជា។ ឯកឧត្តម ដន ប្រាម៉ាត់វ៉ណ ក៏បានអបអរសាទរដល់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ ការប្រយុទ្ធប្រឆាំង និងការបង្ការការផ្ទុះឡើងនូវជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាកសាំង ជូនដល់ ប្រជាជនបានចំនួន ៩០% នៃប្រជាជនសរុប និងបានកោតសរសើរយ៉ាងខ្លាំងដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការសម្រេចបាននូវការអភិវឌ្ឍជាតិយ៉ាងឆាប់រហ័សនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសារអបអរសាទររបស់ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា និងបានកោតសរសើរយ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជា ប្រពៃណី និងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនរវាងប្រទេសយើងទាំងពីរ។

នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ មានកិច្ចប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ប្រាក់ សុខុន ដែលក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ ការតភ្ជាប់ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរ ទស្សនៈ គ្នាទៅវិញទៅមកលើបញ្ហាតំបន់ដែលជាចំណាប់អារម្មណ៍រួម ផងដែរ។

នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១១ ក្រោមមូលបទ “សន្តិភាព វិបុលភាព និង ការស្ដារឡើងវិញទាំងអស់គ្នា» ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសទាំងពីរបាន ពិនិត្យមើលឡើងវិញអំពីវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំ JC លើកទី១០ កាលពីឆ្នាំ ២០១៦ ក៏ដូចជាលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះ លើកទី៣ ឆ្នាំ២០១៧។

កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១១ បានពិភាក្សាគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ រួមមាន នយោបាយ-សន្តិសុខ សេដ្ឋកិច្ច សង្គម-វប្បធម៌ កិច្ចសហប្រតិបត្តិការ អនុតំបន់ និងតំបន់ និងវិស័យជាច្រើនទៀត។

ភាគីទាំងពីរបានឯកភាពជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន នៃប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ លើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក៏ដូចជាធ្វើឱ្យ កាន់តែស៊ីជម្រៅនូវការតភ្ជាប់ និងព្រំដែននៃមិត្តភាព។ ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់ផងដែរអំពី ភាពចាំបាច់ក្នុងការជំរុញការបណ្ដុះបណ្ដាល និងការចែករំលែកព័ត៌មាន ក្នុងវិស័យសន្តិសុខ ការ កាប់ឈើខុសច្បាប់ គ្រឿងញៀន ការជួញដូរអាវុធ និងមនុស្សនៅតាមព្រំដែន។

ជាមួយប្រទេសថៃក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជានៅក្នុងតំបន់ រដ្ឋមន្ត្រីការបរទេសទាំងពីរមានទំនុកចិត្តថាប្រទេសទាំងពីរអាចសម្រេចបាននូវគោលដៅ ពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់ស្ថាប័នពាក់ព័ន្ធស្វែងរក មធ្យោបាយនានាដែលប្រកបដោយនវានុវត្ត ដើម្បីពង្រីកវិសាលភាព និងស្វែងរកឱកាសបន្ថែមទៀត ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ថៃ។ ភាគីទាំងពីរបានឯកភាពពន្លឿនការបញ្ចប់អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីទំនិញឆ្លងកាត់ ក៏ដូចជាពិភាក្សាអំពីនីតិវិធី វិញ្ញាបនបត្រភូតគាមអនាម័យ សម្រាប់ការនាំចូល និងនាំចេញផលិតផលកសិកម្ម។ ភាគីទាំងពីរក៏ បានគូសបញ្ជាក់ពីសារសំខាន់នៃការបើកច្រកអន្តរជាតិថ្មីៗ ដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូន កាន់តែរហ័ស និងប្រសើរជាងមុន ព្រមទាំងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានរីករាយចំពោះការគាំទ្រ និងជំនួយឧបត្ថម្ភដែលបានផ្ដល់ឱ្យគ្នាទៅវិញទៅមក ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ រួមទាំងការផ្តល់សិទ្ធិស្មើគ្នាក្នុងការទទួលបាននូវឯក់សាំង កូវីដ-១៩ និងការថែទាំសុខភាព។ ភាគីទាំងពីរ ក៏បានឯកភាពធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បី ស្ដារសេដ្ឋកិច្ចឡើងវិញក្រោយពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាជំរុញការតភ្ជាប់ និង កិច្ចសហប្រតិបត្តិការនៅតាមព្រំដែន។ ភាគីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការអនុញ្ញាតដល់ពលករកម្ពុជា ដែលប័ណ្ណពលករកម្ពុជានៅបរទេស (OCWC) និងឯកសារ ធ្វើដំណើរ (TD) ដែលបានអស់សុពលភាព អាចស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ រហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ កម្ពុជាបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងកិច្ចសហ ប្រតិបត្តិការដ៏ជិតស្និទ្ធរវាងអាជ្ញាធរ ពាក់ព័ន្ធក្នុងការឆ្លើយតបទាន់ពេលវេលា និងសម្រួលដល់ការធ្វើ មាតុភូមិនិវត្តន៍ ការសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងអំឡុងពេលការផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ-១៩។

ចំពោះវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស កម្ពុជាបានថ្លែងអំណរគុណថ្វាយចំពោះ ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិន្ទថន រាជរដ្ឋាភិបាលថៃ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ថៃ (TICA) ដែលបានផ្តល់អាហារូបករណ៍ វគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលារយៈពេលខ្លី និងវែង ជូនដល់និស្សិត និងមន្ត្រីរាជការកម្ពុជា ទៅបន្តការសិក្សានៅប្រទេសថៃ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តធ្វើការ យ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ក្រោមក្របខ័ណ្ឌតំបន់ និងពហុភាគី។ ឯកឧត្តម ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ដល់ប្រទេសថៃ ចំពោះការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ASEM13 និងក្នុងនាម ជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ខាងមុខ។

ភាគីទាំងពីរ ក៏បានទន្ទឹងរង់ចាំផងដែរ ដល់កិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃ លើកទី៤ ដែលភាគីថៃនឹងធ្វើជាម្ចាស់ផ្ទះ ទៅតាមពេលវេលាសមស្រប និងបានឯកភាពរៀបចំកិច្ច ប្រជុំលើកទី១២ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងថៃ នៅ ទីក្រុងបាងកក ប្រទេសថៃ នៅឆ្នាំ២០២៣៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×