ភ្នំពេញ ៖ឯកឧត្តម ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម បានសន្យាចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា គាំទ្រកម្ពុជាផ្លាស់វេនធ្វើជាប្រធានអាស៊ាន និងជួយកម្ពុជាធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ានឆ្នាំ២០២២នេះ។

ការបង្ហាញទឹកចិត្តល្អដល់កម្ពុជារបស់ប្រធានាធិបតីវៀតណាម រូបនេះ បានធ្វើឡើងក្នុងជំនួបកំពូល នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសដែលឯកឧត្តម ង្វៀង ស៊ួនហ្វុក មកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ នៅកម្ពុជា នាថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកកាសែតក្រោយជំនួបកំពូលនេះថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោក ង្វៀង ស៊ួនហ្វុក ដែលកន្លងមកគាំទ្រ និងជួយដល់កម្ពុជា ធ្វើឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣។

គួរបញ្ជាក់ថា កម្ពុជា នឹងធ្វើជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២ខាងមុខនេះ ហើយជាមួយនឹងតួនាទីដ៏សំខាន់នេះ អាស៊ានបានលេចឡើងនូវបញ្ហាជាច្រើន ក្នុងនោះ មានបញ្ហាមីយ៉ាន់ម៉ា និងការប្រកួតប្រជែងលើភូមិសាស្រ្តនយោបាយ នៃប្រទេសមហាអំណាចផងដែរ។
សម្រាប់បញ្ហាមីយ៉ាន់ម៉ា កម្ពុជាដែលធ្លាប់មានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហានេះ បានបញ្ជាក់ជាមុនថា នឹងខិតខំជួយសម្របសម្រួលធ្វើឲ្យមីយ៉ាន់ម៉ាចាកចេញពីសភាពធ្ងន់ធ្ងរ ប៉ុន្តែការដោះស្រាយបាន ឬមិនបាននោះ គឺអាស្រ័យលើមីយ៉ាន់ម៉ាខ្លួនឯងផ្ទាល់តែម្តង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










