លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងពិធីបើកសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៨ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១នេះថា សហគ្រាសធុនតូចនិងមធ្យម (SME) បានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងចំណោមប្រជាពលរដ្ឋរស់នៅតាមទីជនបទ។
លោកជំទាវបានបន្ថែមថា ការអភិវឌ្ឍ SME ក៏នឹងរួមចំណែកផងដែរដល់ការពង្រឹងភាពធន់នៃសេដ្ឋកិច្ច តាមរយៈការបង្កើនការផ្គត់ផ្គង់ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលនឹងបន្ថយការពឹងផ្អែកលើការនាំចូលទំនិញប្រើប្រាស់មួយចំនួនពីបរទេស និងការបង្កើតការងារក្នុងស្រុកបន្ថែម។ កត្តាទាំងអស់នេះ នឹងគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ដែលនឹងជំរុញការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ។
លោកមានប្រសាសន៍បន្ថែមថា សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៨នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងរួមចំណែកគាំទ្រការស្រាវជ្រាវ និងផ្តល់ជាវេទិកាពិភាក្សារវាងអ្នកស្រាវជ្រាវនិងអ្នកជំនាញមកពីស្ថាប័ននានា ទៅលើប្រធានបទសំខាន់ៗទាក់ទងនឹងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាតិ។ ធនាគារជាតិនៃកម្ពុជាបានជ្រើសរើសយកប្រធានបទស្រាវជ្រាវគោលសម្រាប់ឆ្នាំ២០២១ ស្តីពី “បញ្ហាប្រឈមនិងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា”។
លោកជំទាវបន្តថាការសិក្សាស្រាវជ្រាវកន្លងមកបានបង្ហាញថា SME នៅកម្ពុជាប្រឈមនឹងបញ្ហាជាច្រើននៅក្នុងអាជីវកម្មដែលជាឧបសគ្គក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។ បញ្ហាប្រឈមលាយទាំងនោះ រួមមានដូចជា ការខ្វះខាតជំនាញគ្រប់គ្រងនិងពលកម្មជំនាញ, ការខ្វះខាតប្រភពទុននិងលទ្ធភាពទទួលបានហិរញ្ញវត្ថុផ្លូវការ, ការខ្វះខាតផ្នែកព័ត៌មានទីផ្សារទាំងក្នុងស្រុកនិងទីផ្សារនំាចេញ, ការប្រកួតប្រជែងពីសហគ្រាសធំៗ និងពីការនាំចូលទំនិញពីបរទេស ជាដើម។
លោកជំទាវអគ្គនាយកបញ្ជាក់ថា៖«សូមបញ្ជាក់ផងដែរថាកន្លងមក ធនាគារជាតិនៃកម្ពុជាបានខិតខំលើកកម្ពស់ហិរញ្ញប្បទានដល់ SME និងជំរុញទំនើបកម្មប្រព័ន្ធធនាគារ ជាពិសេសប្រព័ន្ធទូទាត់ ដើម្បីសម្រួលដល់ប្រតិបត្តិការដោះដូរ ដែលបានរួមចំណែកទ្រទ្រង់អាជីវកម្មនានា រាប់បញ្ចូលទាំងអាជីវកម្មរបស់ SME នៅក្នុងស្ថានភាពប្រឈមនឹងការបាត់បង់អតិថិជនដោយសារបញ្ហាភ័យខ្លាចនឹងជំងឺឆ្លង។»
«ខ្ញុំជឿជាក់ថាការជំរុញបន្ថែមការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងសេដ្ឋកិច្ចនឹងក្លាយជាកត្តាស្នូលមួយ ក្នុងការលើកស្ទួយការអភិវឌ្ឍ SME បន្ថែមទៀតនាពេលខាងមុខ។ ជាមួយការប្រើប្រាស់បច្ចេកវិទ្យាកាន់តែទូលំទូលាយ SME អាចនឹងទទួលបានព័ត៌មានឆាប់រហ័សពីតម្រូវការទីផ្សារ និងលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុផ្លូវការ តាមរយៈការកាត់បន្ថយបញ្ហាកង្វះព័ត៌មានជាក់លាក់ពី SME ដែលកន្លងមក បានធ្វើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួនមានភាពរារែកក្នុងការផ្តល់កម្ចីដល់ SME។ ម៉្យាងទៀត នៅពេលដែលព័ត៌មានពាក់ព័ន្ធនឹង SME មានភាពលម្អិតនិងគ្រប់ជ្រុងជ្រោយ ការដាក់ចេញនូវគោលនយោបាយគាំទ្រនានានឹងកាន់តែមានប្រសិទ្ធភាពថែមទៀត។» ៕