កាលពីយប់មិញនេះ វេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ មានហេតុការណ៍ដ៏ញាក់សាច់មួយ បានកើតឡើងនៅក្នុងមូលដ្ឋានទឹកដីសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានពួកក្មេងទំនើងមួយក្រុម ដែលគេដឹងថាមានរហ្សនាមក្រុម “CKC + បុរីកីឡា BRKL” បន្ទាប់កា.ប់ទៅលើគូសត្រូវមិនអស់ចិត្ត ក៏បាននាំបក្ខពួកដេញមកកាប់រហូតដល់មន្ទីរពេទ្យទៀត ធ្វើឲ្យក្រុមគ្រូពេទ្យព្រលឹងចុងសក់គ្រប់គ្នាតែម្តង។
បើតាមប្រភពពីក្រុមអ្នករងរបួសនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងឡើយ ពួកគេត្រូវក្រុមក្មេងទំនើងទាំងពីរក្រុមខាងលើ បង្កជម្លោះកាប់នៅផ្លូវ២៤០ (ជិតសួនវត្តបទុមវតី) ម្តងរួចហើយ ដោយក្នុងនោះ មានម្នាក់បានរងរបួសក្បាលធ្ងន់ ហើយក៏បាននាំមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមួយកន្លែង នៅសង្កាត់ស្រះចក។
ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ ខណៈពួកគេមកដល់ពេទ្យ និងកំពុងអង្គុយសុខៗ ស្រាប់តែក្រុម “CKC + បុរីកីឡា BRKL” បានតាមដល់មករករឿងពួកគេទៀត ហើយភ្លាមៗនោះ ពួកវាបានចុះកាប់ផ្តាច់ផ្លាកលេខម៉ូតូ តែមិនបានសម្រេច បែរជាគាស់យកកាតគ្រីពីកែបម៉ូតូ និងថែមទាំងដកយកសោរម៉ូតូ នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល ដោយគ្មានរំខានដល់សមត្ថកិច្ចឡើយ។
ម៉ូតូដែលរងការខូចខាត គឺមាន៣គ្រឿង ក្នុងនោះមាន៖ ម៉ាកនិច១គ្រឿង និងស្កូបពី២គ្រឿង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




