ភ្នំពេញ៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយនូវសំបុត្រសម្ងាត់ ដែលបានលាក់ទុក២៨ឆ្នាំមកហើយ ដែលជាសំបុត្ររបស់ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើជូនសម្តេច បញ្ជាក់ពីការសិក្សាខាងផ្នែកយោធា និងវិទ្យាសាស្ត្រនយោបាយនៅសហរដ្ឋអាមេរិក ជាមួយនឹងការប្តេជ្ញារៀនយកបណ្ឌិតខាងសេដ្ឋកិច្ច។
តាមរយៈហ្វេសប៊ុករបស់សម្តេច នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បង្ហោះសារទាំងស្រុង អមដោយខ្លឹមសារសំបុត្រសម្ងាត់ថា សំបុត្រសម្ងាត់ , ឆ្នាំ១៩៩៤កូនប្រុសខ្ញុំហ៊ុន ម៉ាណែតដែលពេលនោះ កំពុងសិក្សានៅសាកលវិទ្យាល័យមួយ នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បានសសេរលិខិតសម្ងាត់មួយច្បាប់ មកខ្ញុំ ដើម្បីបានរៀនខាងយោធា និងវិទ្យាសាស្រ្តនយោបាយ ជាមួយនឹងការប្តេជ្ញារបស់គេ គឺរៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឱ្យបាន។

លិខិតមួយច្បាប់នេះ មិនមានការចាំបាច់រក្សាទុកជាសម្ងាត់ទៀតទេ ព្រោះវាបានកន្លងហួសជិត២៨ឆ្នាំមកហើយ។ ជាមួយនេះម៉ាណែតក៏មានចំណេះដឹងខាងសេដ្ឋកិច្ច នយោបាយ និងយោធា ដូចដែលមាននៅក្នុងលិខិតនេះស្រាប់។
អានលិខិតនេះនិងយល់ពីម៉ាណែតកាន់តែច្បាស់ ហើយអ្វីដែលមិនមានក្នុងលិខិតនេះ គឺម៉ាណែតបានចូលទៅធ្វើកម្មសិក្សានៅធនាគារពិភពលោក ដែលត្រូវបានបញ្ជូនទៅធ្វើការងារ នៅប្រទេសកុងហ្គោ បន្ទាប់ពីជាប់បរិញ្ញាបត្រជាន់ខ្ពស់នៅសកលវិទ្យាល័យញ៉ូវយ៉ក។ ម៉ាណែតធ្លាប់បានទៅរស់នៅជាមួយគ្រួសារបារាំងមួយ នៅប្រទេសបារាំងដោយស៊ីឈ្នួលបេះផ្លែប៉ោម ឱ្យគ្រួសារនេះ ដើម្បីរៀនភាសាបារាំង។ នៅពេលរៀនថ្នាក់បណ្ឌិតនៅប្រទេសអង់គ្លេស ម៉ាណែតបានចូលបង្រៀនគណិតវិជ្ជាសម្រាប់និស្សិតឆ្នាំទី២ និងទី៣ ដើម្បីបានប្រាក់ខ្លះសម្រាប់ចំណាយកាត់បន្ថយការចំណាយរបស់ឪពុកម្តាយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




