ភ្នំពេញ៖ ក្រោយពីប្រកាសបើកប្រទេសឡើងវិញ មានអាជីវកម្មប្រមាណ ៤០% (នៃចំនួន ដែលបានបិទ និងផ្អាកកន្លងទៅ) បានដាក់ពាក្យស្នើសុំបើកដំណើរការឡើងវិញ។
របាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ អាជីវកម្មទេសចរណ៍សរុបទូទាំងប្រទេសមានចំនួន ៣៤២៩ទីតាំង ដែលរងផលប៉ះពាល់ (ស្មើនឹង ៣៣% នៃចំនួនអាជីវកម្មសរុប) និងមានបុគ្គលិករងផលប៉ះពាល់សរុប ៥ម៉ឺន ៤២៥៣នាក់ (ស្មើនឹង ៤៣,៧៧% នៃចំនួនបុគ្គលិកសរុប)។
ដោយឡែក ក្នុងរយៈពេល ១១ខែដើមឆ្នាំ ២០២១ ភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៤,៣៨លាននាក់ បានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស បានថយចុះ ៤៩%។ ទេសចរអន្តរជាតិ នៅចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២១នេះ មានប្រមាណ ជាង ១៦ម៉ឺននាក់ បានថយចុះ ៨៧,៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ផ្តើមចេញពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា “ប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការកែទម្រង់វិស័យទេសចរណ៍” រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកិច្ចខិតខំប្រឹងប្រែង និងឯកសារយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដែលមានជាអាទិ៍៖ “ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩”, “វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ក្នុងស្រុក” និង “ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង” ក្នុងគោលបំណងដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ផ្ទៃក្នុងកម្ពុជាឡើងវិញ។
ឯកឧត្តមបញ្ជាក់ថា ដោយសារភាពជោគជ័យនៃការដាក់ចេញនូវយុទ្ធសាស្ត្រ “ផ្ការីក”របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-ជូនដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេសដែលធ្វើឱ្យយើងជាក្លាយជាប្រទេសដែលឈានមុខលើចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងសរុបបើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ និងជិតខាង ហើយដែលនេះគឺជាលក្ខណៈអំណោយផល និងជាសក្តានុពលរបស់កម្ពុជាយើង ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យធ្វើដំណើរកម្សាន្តឡើងវិញក្នុងគន្លងប្រក្រតីភាពថ្មីផងដែរ។
ឯកឧត្តមបន្តថា ផ្អែកលើការដាក់ចេញនូវយុទ្ធសាស្ត្រទាំងនេះ ក្រសួងបានព្យាករណ៍ទុកថា កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជា ៧លាននាក់ យ៉ាងយូរនៅឆ្នាំ២០២៥ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណជា ១១លាននាក់ នៅឆ្នាំ២០២៣ ឡើងវិញ។
គួរបញ្ជាក់ថា ក្រសួងទេសចរណ៍រំពឹងថា ការដើរកម្សាន្តរបស់ទេសចរផ្ទៃក្នុងនៅឆ្នាំ ២០២១នេះ នឹងមានប្រមាណ ៥,៧លាននាក់ ដែលតួលេខនេះ នឹងធ្លាក់ចុះប្រមាណ ៣៧ភាគរយ បើធៀបនឹងឆ្នាំ ២០២០ និងធ្លាក់ចុះ ៥០ភាគរយ បើធៀបនឹងឆ្នាំ ២០១៩៕