ភ្នំពេញ ៖ ខណៈរថយន្ត និងម៉ូតូ ជ្រកក្រោមផ្លាកលេខរដ្ឋ, នគរបាល និងខេមរភូមិន្ទ រួមទាំងរថយន្តកែចង្កូតពីស្ដាំទៅឆ្វេង មិនទាន់ចូលទៅបង់ពន្ធរួចរាល់ឱ្យទាន់ពេលវេលានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាច់ណាត់ជាថ្មីទៀត មិនអនុញ្ញាតឲ្យរថយន្ត និងម៉ូតូ អត់ពន្ធបើកចរាចរណ៍លើដងផ្លូវតទៅទៀតឡើយ។

ការព្រមានខ្លាំងៗរបស់ សម្តេចតេជោ ហ៊ុន សែន នេះ ធ្វើឡើងខណៈសម្ដេចអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាលនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១, ដោយស្របពេលជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវជាថ្មី ដល់ម្ចាស់រថយន្ត និងម៉ូតូ អត់ពន្ធ សូមប្រញាប់ចូលទៅបង់ពន្ធឲ្យបានទាន់ពេលវេលា មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះពន្ធ១០ភាគរយ។
សម្រាប់ការព្រមានខ្លាំងៗលើកនេះទៅលើអ្នកប្រើប្រាស់រថយន្ត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងមិនអនុញ្ញាតឲ្យមានឡាន ម៉ូតូ នៅលើដងផ្លូវដោយមិនបានបង់ពន្ធនោះទេ ព្រោះម្តងហើយម្តងទៀត ភាពច្រំដែលៗរបស់យើងនៅតែបន្ត ប៉ុន្តែវាត្រូវតែមានកំណត់។ ឡានចង្កួតស្តាំ ឡានអត់ពន្ធជ្រកក្រោមស្លាកលេខនេះ ជ្រកក្រោមស្លាកលេខនោះ មិនអនុញ្ញាតឲ្យមានទេ ហើយអស់លោកគយត្រូវធ្វើការងារនេះ ដោយអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត មិនត្រូវលើកលែងឡើយ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ មានម្ចាស់រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំ ជ្រកក្រោមស្លាកលេខផ្សេងៗ មានចំនួនជិត ៣០០០គ្រឿងហើយ បាននាំយករថយន្តរបស់ខ្លួនចូលទៅបង់ពន្ធ (ចង្កូតឆ្វេង) និងតម្កល់ប្រាក់កក់បង់ពន្ធ (ចង្កូតស្តាំ) ដែលមានប្រាក់ពន្ធចំនួនជាង ២៨លានដុល្លារអាមេរិក។

ក្នុងរយៈពេលចុងក្រោយនៃឱសានវាទអនុគ្រោះបង់ពន្ធនេះ មានរថយន្តអត់ពន្ធទាំងឆ្វេង ទាំងស្តាំ ត្រូវបានម្ចាស់សម្រុកនាំយករថយន្តរបស់ខ្លួន ចូលទៅបង់ពន្ធយ៉ាងច្រើនផងដែរ, ប៉ុន្តែ ទោះជាយ៉ាងណា នៅមានរថយន្តមិនប្រក្រតីជាច្រើនទៀត មិនទាន់ចូលមកបង់ពន្ធ ឬគោរពកាតព្វកិច្ចពន្ធ។
តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅកម្ពុជា មានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជា ផ្លាកលេខ ខេមរៈភូមិន្ទ, ផ្លាកលេខរដ្ឋ, ផ្លាកលេខ នគរបាល, និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដីអត់ពន្ធ មានប្រមាណជិត១ម៉ឺនគ្រឿងឯណោះ។
សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា បើមានលុយហ៊ានទិញរថយន្តប្រើប្រាស់ទៅហើយ ហេតុអីមិនហ៊ានទៅបង់ពន្ធឲ្យត្រឹមត្រូវស្របតាមពលរដ្ឋល្អ ពលរដ្ឋចូលរួមបង្កលក្ខណៈសណ្ដាប់ធ្នាប់ក្នុងសង្គម !? ដូច្នេះ ចំពោះរថយន្តចង្កូតឆ្វេងវិញ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗគ្មានពន្ធ អាចចូលមកបំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរ ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករ ១០%, បើពុំនោះទេ ទាំងរថយន្តចង្កូតឆ្វេង ចង្កូតស្ដាំ ពាក់ស្លាកលេខផ្សេងៗក៏ដោយ ឱ្យតែគ្មានពន្ធ រួមទាំងម៉ូតូផង នឹងត្រូវចាប់រឹបអូស ដាក់ពិន័យធ្ងន់ធ្ងរ អនុវត្តតាមច្បាប់ជាធរមាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN















