Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥស្សរជនពីររូបមានអាទិភាពអស្ចារ្យ ត្រូវបាន សម្ដេចតេជោ ហ៊ុន សែន ប្រើឆន្ទានុសិទ្ធិឱ្យកាន់តំណែងផ្នែកសេដ្ឋកិច្ចសំខាន់ ជូនរាជរដ្ឋាភិបាលបន្តទៀត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្លឹងឃើញឥស្សរជនពីររូបដែលមានគុណសម្បត្តិផ្នែកសេដ្ឋកិច្ច ចំពោះសង្គមជាតិ ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល គឺឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលត្រូវរំកិលអាយុ មិនទាន់ឱ្យចូលនិវត្តន៍នោះទេ, ហើយសម្រាប់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន វិញ គឺ នៅតែរក្សាឋានៈ ឧបនាយករដ្ឋមន្ត្រី កាន់តំណែងជា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដដែល បើទោះបី សម្តេចឈប់ធ្វើនាយករដ្ឋមន្ត្រីក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ខណៈសម្ដេចអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១, ដោយសម្ដេចតេជោ បញ្ជាក់ថា ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ជាអតីតលេខាផ្ទាល់របស់សម្តេច តាំងពីឆ្នាំ១៩៩២ មកម៉្លេះ ពេលត្រឡប់ពីការសិក្សានៅប្រទេសរុស្ស៉ី ហើយបន្តទៀតធ្វើជាទីប្រឹក្សារបស់សម្តេច។

ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បានកាន់តំណែងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីឆ្នាំ២០១៣ រហូតមកដល់ពេលបច្ចុប្បន្ន បន្ទាប់ពីកាន់តំណែងជារដ្ឋលេខាធិការក្រសួងនេះអស់រយៈពេលជាច្រើនឆ្នាំ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រៀនចប់ថ្នាក់បណ្ឌិត មកពីប្រទេសរុស្ស៉ី នៃសាកលវិទ្យាល័យសង្គម និងវិទ្យាសាស្រ្តនយោបាយទីក្រុងមូស្គូ នៅឆ្នាំ១៩៩៣ និងសិក្សានៅសាលាធុរកិច្ចអន្តរជាតិ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៉ី ពីឆ្នាំ១៩៩១ ដល់ ១៩៩២ ផងដែរ និងលោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅប្រទេសរុស្ស៉ី។ ក្រៅពីតួនាទីជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោកនៅមានតួនាទីសំខាន់ៗជាច្រើនទៀត។

ស្ដីពី ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី វិញម្ដង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា លោក គុណ ញឹម មិនទាន់ចាស់នោះទេ គឺមានកម្លាំង និងសមត្ថភាពពេញលេញ ក្នុងការដឹកនាំស្ថាប័នគយ ដែលជាស្ថាប័នដ៏សំខាន់ ក្នុងការប្រមូលចំណូលថវិកាជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៀតថា តិចលោឮថា អ្នកណាដែលចង់រត់ការយកតំណែង ឯកឧត្តម គុណ ញឹម កុំសង្ឃឹម… ខ្ញុំនឹងប្រើប្រាស់ឆន្ទានុសិទ្ធិ គឺបានសម្រេចរួចហើយ ពន្យារការចូលនិវត្តន៍ របស់ ឯកឧត្តម គុណ ញឹម , គឺបន្តឱ្យកាន់តំណែងជា អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×